សម្តេចក្រឡាហោម ស ខេង : កម្ពុជាយើង ក្នុងរយៈពេល៦ខែនេះ សមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៣២៥៨ករណី ក្នុងនោះករណីជួញដូរ រក្សាទុក ២១២៩ករណី,

ចែករំលែក៖

ភ្នំពេញ, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានមានប្រសាសន៍យ៉ាងដូច្នេះថា, កម្ពុជាយើង ក្នុងរយៈពេល៦ខែនេះ សមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៣២៥៨ករណី ក្នុងនោះករណីជួញដូរ រក្សាទុក ២១២៩ករណី, ករណីប្រើប្រាស់១០៩៩ករណី, ដាំដុះ ២៨ករណី, សំយោគ កែច្នៃ ២ករណី និងឃាត់ខ្លួនជនសង្ស័យ ៧២៥៩នាក់។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា,បងប្អូនជនរួមជាតិជាទីគោរព! ថ្ងៃនេះខ្ញុំសូមជម្រាបជូនបន្ថែមទៀតអំពីលទ្ធផលការងារត្រួតពិនិតគ្រឿងញៀនដែលសម្រេចបានក្នុងរយៈពេល៦ខែឆ្នាំ២០២១ ក្នុងនោះរួមមានស្ថានភាពប្រឈមនៃកិច្ចប្រតិបត្តិការ លទ្ធផលនៃការបង្ក្រាបបទល្មើស ការងារព្យាបាល និងស្ដារនីតិសម្បទា និងការងារសំខាន់ៗមួយចំនួនទៀតនៅក្នុងបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។

សម្តេចបានថ្លែងបន្តថា, នៅក្នុងរយៈពេល១ឆមាស ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាយើងបានប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបណ្ដាលមកពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។ ថ្វីដ្បិតតែបញ្ហានេះ មិនអាចរារាំងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងប្រទេស ប៉ុន្តែវាក៏បង្កឱ្យមានផលវិបាកមួយចំនួន ដូចជាការធ្លាក់ចុះកិច្ចសហប្រតិបត្តិការបង្ក្រាបក្នុងតំបន់ និងការធ្លាក់ចុះតម្លៃគ្រឿងញៀន ដែលធ្វើឱ្យក្រុមឧក្រិដ្ឋជនមានឱកាសបង្កើនការផលិត និងអំណោយផលទីផ្សារប្រើប្រាស់គ្រឿងញៀន ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា, យ៉ាងណាក៏ដោយ សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ក្នុងរយៈពេល៦ខែនេះ សមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៣២៥៨ករណី ក្នុងនោះករណីជួញដូរ រក្សាទុក ២១២៩ករណី, ករណីប្រើប្រាស់១០៩៩ករណី, ដាំដុះ ២៨ករណី, សំយោគ កែច្នៃ ២ករណី និងឃាត់ខ្លួនជនសង្ស័យ ៧២៥៩នាក់ ក្នុងនោះជនសង្ស័យករណីជួញដូរ រក្សាទុក ៤១៤៩នាក់, ប្រើប្រាស់គ្រឿងញៀន ៣០៩៥នាក់, ដាំដុះ ៦នាក់ និង សំយោគ កែច្នៃ ៩នាក់ ព្រមទាំងចាប់ខ្លួនជនសង្ស័យតាមដីការ ២២១នាក់ ។

ផ្អែកតាមលទ្ធផលនៃកិច្ចប្រតិបត្តិការរយៈពេលកន្លះឆ្នាំមកនេះ សមត្ថកិច្ចបានចាប់យកគ្រឿងញៀនបានសរុបជាង៨៥០គីឡូក្រាម ក្នុងនោះរួមមាន មេតំហ្វេតាមីនក្រាមម្សៅ (ICE) ជាង១៩៣គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់(WY) ៦៨៣,៧៨ក្រាម, អិចស្តាស៊ីជាង ១៥២គីឡូក្រាម, កេតាមីនជាង ៤៧៨គីឡូក្រាម, ហេរ៉ូអ៊ីនជាង ២៥គីឡូក្រាម, កាប់បំផ្លាញកញ្ឆាស្រស់ជាង៤ម៉ឺន៥ពាន់ដើម, សាធាតុគីមីផ្សំជាង១០គីឡូក្រាម ។

ជាមួយគ្នានេះ សមត្ថកិច្ចប្រមូលបាន និងបញ្ជូនទៅសាលាដំបូងរាជធានីខេត្តរួចរាល់នូវសម្ភារៈចាប់យកមួយចំនួន ដូចរថយន្ត ៦៣គ្រឿង, ម៉ូតូ ១០១២គ្រឿង, ទូរសព្ទ ៣២៥១គ្រឿង, ជញ្ជីង ១៦២គ្រឿង, អាវុធវែង ១២៦ដើម, អាវុធខ្លី១២ដើម, ប្រាក់រៀលជាង ១៧លានរៀល, ប្រាក់អាមេរិកជាង ២ពាន់ដុល្លារ, ប្រាក់ថៃជាង ១សែន២ម៉ឺនបាត និងប្រាក់វៀតណាមជាង២ម៉ឺនដុង ព្រមទាំងបានឃាត់ទុកទ្រព្យសម្បត្តិជាអចលនទ្រព្យ២កន្លែង ។

នៅក្នុងឆមាសទី១ឆ្នាំ២០២១នេះ មានអ្នកមកទទួលសេវាពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈរាជធានីខេត្តចំនួន ៤៣៨២នាក់ ។ ចំណោមជនសង្ស័យប្រើប្រាស់គ្រឿងញៀនដែលឃាត់ខ្លួន ៣០៩៥នាក់ សមត្ថកិច្ចបានបញ្ជូនទៅមណ្ឌល ១៩៣៥នាក់, អប់រំនិងបញ្ជូនទៅមូលដ្ឋានវិញ ៧១៥នាក់, និងចាត់វិធានការបញ្ជូនទៅពន្ធនាគារ៤៤៥នាក់ ។ ជាមួយគ្នានេះក៏មានអ្នកធ្វើសមាហរណកម្មចេញពីមណ្ឌល ៤៨៣៦នាក់ និងកំពុងបន្តធ្វើការបន្សាបព្យាបាលតាមមណ្ឌល ៤០៦៣នាក់ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ទៀតថា, ខ្ញុំធ្លាប់បញ្ជាក់ជូនហើយថាបញ្ហាកូវីដ១៩ ថ្វីដ្បិតថាពេលនេះមានសភាពខ្លាំងក្លា ប៉ុន្តែវាទំនងជាអាចដើរដល់ទីបញ្ចប់នៅថ្ងៃណាមួយ ប៉ុន្តែបញ្ហាគ្រឿងញៀននេះ វានឹងមិនងាយរកទីបញ្ចប់ឃើញឡើយ ។ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោជាប្រមុខ បានយកចិត្តទុកដាក់ចង្អុលបង្ហាញលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសបានសម្រេចកែសម្រួលលក្ខណៈសម្បត្តិនៃគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ជាកម្រិតគោលនយោបាយ ហើយបន្តដាក់បញ្ចូលបញ្ហាគ្រឿងញៀនជាកិច្ចការអាទិភាព ។

ជាថ្មីម្ដងទៀត ខ្ញុំបាទសូមអំពាវនាវដល់កងកម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍គឺ៖

– កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។
– កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។

– កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។
– មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕

សូមអរគុណ!

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print