អនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៖ ទោះបីជាប្រទេសយើងក្រ តែមិនត្រូវឱ្យពលរដ្ឋខ្មែរយើងស្លាប់ដោយអាណោចអាធ័មឡើយ

ចែករំលែក៖

ភ្នំពេញ៖ មិនមែនបន្លាច មិនមែនប្រមាថ ហើយក៏មិនមែនជាក្តីសុបិន្តដែរ តែវាជាការពិត! ដោយអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា «ទោះបីជាប្រទេសយើងក្រ តែមិនត្រូវឱ្យពលរដ្ឋខ្មែរយើងស្លាប់ដោយអណោចអធមឡើយ» ក្រសួងបរិស្ថានបានយកឈើដែលរឹបអូសបានពីការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដើម្បីផលិតក្តារម្ឈូសផ្តល់ជូនអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់សម្រាប់តម្កល់សពអ្នកជំងឺកូវីដ១៩ ដែលបានស្លាប់បាត់បង់ជីវិត។ រហូតមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ ចំនួន ៨៨១ នាក់ហើយបានស្លាប់បាត់បង់ជីវិតចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ បានផ្ទុះឡើងនៅកម្ពុជា។ ឥឡូវនេះអត្រានៃការស្លាប់ប្រចាំថ្ងៃចន្លោះពី ២០ ទៅ៣០នាក់។ សូមចូលរួមបញ្ឈប់ការចម្លងនិងកាត់បន្ថយអត្រានៃការស្លាប់ តាមរយៈអនុវត្តវិធានការ ៣ កុំ ៣ ការពារឱ្យបានខ្ជាប់ខ្ជួនបំផុត និងគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល!

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានថ្លែងថា៖ រូបភាពនេះ ខ្ញុំបានចុះពិនិត្យការផលិតក្តារម្ឈូសដោយក្រុមមន្ត្រីមន្ទីរបរិស្ថាខេត្តកំពតកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ និងរូបភាពក្តារម្ឈូសដែលបានផលិតនៅតាមបណ្តាមន្ទីរបរិស្ថានខេត្តផ្សេងទៀតដែលមានឈើចាប់បានពីបទល្មើសធនធានធម្មជាតិ និងបានការអនុញ្ញាតឱ្យប្រើប្រាស់។

លោកបន្តថា៖ បើខ្លាចកូវីដ១៩ សូមការពារខ្លួនអ្នក គ្រួសារអ្នកនិងសហគមន៍ពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការ ៣ កុំ ៣ ការពារនិងគោរពតាមបទបញ្ជាទាំងឡាយរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល! ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print