ដោយសារតែមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ធ្វើឱ្យតម្រូវការប្រើប្រាស់អុកស៊ីហ្សែនក៏កើនឡើងខ្ពស់ដែរ បង្កឲ្យមានវិបត្តិអុកស៊ីហ្សែន។ កន្លងមកប្រទេសឥណ្ឌា ឥណ្ឌូនេស៊ីមានការខ្វះខាតអុកសុីហ្សែនប្រើប្រាស់ ហើយពេលនេះគឺប្រទេសមីយ៉ាន់ម៉ាក៏ប្រឈមនឹងកង្វះអុកស៊ីហ្សែនផងដែរ។
ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនបានតម្រង់ជួរគ្នាទិញអុកស៊ីហ្សែន ដោយសារតែការឆ្លងកូវីដ-១៩ កើនឡើងខ្ពស់។ លោក Soe Win ឈរតម្រង់ជួរនៅមុខរោងចក្ររង់ចាំទិញអុកស៊ីហ្សែន ដើម្បីជួយលោកយាយរបស់គាត់តទល់ជាមួយជំងឺកូវីដ-១៩បាននិយាយថា «ខ្ញុំបានឈររង់ចាំតាំងពីម៉ោង ៥ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបទិញបាន។ អុកសុីហ្សែន
ពេលនេះសំខាន់ជាងអ្វីទាំងអស់ ។
ពលរដ្ឋនៅក្នុងទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា គឺទីក្រុង Yangon និង Mandalay កំពុងប្រឈមផលលំបាកយ៉ាងខ្លាំងដោយសារកង្វះ
អុកស៊ីហ្សែន ដោយសារតែមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់។ មេដឹកនាំមីយ៉ាន់ម៉ា លោក Min Aung Hlaing បានចេញបញ្ជាឲ្យក្រុមហ៊ុនផលិតអុកស៊ីហ្សែនផលិតឲ្យអស់ពីសមត្ថភាព ។
កាលពីថ្ងៃទី ១០ ខែកក្កដា រដ្ឋមន្ត្រីវិនិយោគនិងទំនាក់ទំនងសេដ្ឋកិច្ចបរទេស លោក Aung Naing Oo បានប្រកាសថា រដ្ឋាភិបាលនឹងលុប ពន្ធទាំងអស់ពាក់ព័ន្ធអុកស៊ីហ្សែន និងផ្តល់លក្ខណៈងាយស្រួលក្នុងការនាំចូលអុកស៊ីហ្សែនពីក្រៅប្រទេស។
តាមការប្រកាសរបស់ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានឱ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមកគឺមានដល់ទៅ ៤៣៧៧នាក់ ធ្វើឲ្យអ្នកឆ្លងសរុបកើនឡើងដល់ទៅ188.752នាក់។ ជាមួយគ្នានេះដែរ ក៏មានអ្នកស្លាប់កើនឡើង ៧១នាក់ ក្នុងពេលមួយថ្ងៃ៕ដោយ៖ធីរីណា
ប្រជាជនរង់ចាំចាក់ធុងអុកស៊ីសែនដើម្បីផ្គត់ផ្គង់អ្នកជម្ងឺ COVID-19 នៅហ្សាការតាប្រទេសឥណ្ឌូនេស៊ីថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២១ រូបថត៖ THX / VNA