ខេត្តបន្ទាយមានជ័យ៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលវីរ៉ុសកូវីដ19 លើកងកម្លាំងនគរបាល ពិសេសកម្លាំងនគរបាលជួរមុខឈរជើងតាមបន្ទាត់ព្រំដែន ដែលជាគោលដៅដែលប្រឈមនៅថ្ងៃទី11ខែកក្កដាឆ្នាំ2021 នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង បានដឹកនាំក្រុមគ្រូពេទ្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចុះយកសំណាកដោយធ្វើតេស្តរហ័ស (Rapid Test) ដល់កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកទាំង4 សរុបចំនួន216 នាក់ ស្រី09នាក់ ។ក្នុងការពិនិត្យយកសំណាកនេះដែរ បានរកឃើញនគរបាលចំនួន02នាក់ មានវិជ្ជមាន កូវីដ19 ក្នុងនោះអង្គភាពនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ891ចំនួន01នាក់ ប្រុស និងវរសេនាតូចការពារព្រំដែនគោកលេខ911ចំនួន01នាក់ ប្រុស ។
អ្នកជំងឺទាំង02នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ស្នងការបានឧបត្ថម្ភម្នាក់ថវិកា30ម៉ឺន ។ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានណែនាំដល់កងកម្លាំងនគរបាល ដែលអវិជ្ជមានទងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយមិនឆ្វែសប្រហែសឡើយចំពជម្ងឺកូវីដដ៏កាចសាហាវនេះ។ត្រូវគោរពអនុវត្តវិធានការ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ។ដោយចំពោះអ្នកជម្ងឺត្រូវថែរក្សាសុខភាព ឲ្យបានល្អ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងគ្រូពេទ្យ កំពុងព្យាបាល ៕
ដោយ៖ វណ្ណា