ភ្នំពេញ, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសនៃរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ។
តាមការអញ្ជើញរបស់ លោករដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និង លោក អេនតូនី ប៊ីនខេន (Antory Blinken) រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក រំពឹងថានឹងពិភាក្សាគ្នាអំពីអភិក្រុមជាក់ស្ដែង ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការអាស៊ាន សហរដ្ឋអាមេរិក រួមទាំងលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមបណ្តាលមកពី ការរាតត្បាតនៃជំងឺកូវីដ-១៩។
ទន្ទឹមនេះ ក៏អាចមានការពិគ្រោះយោបល់គ្នាផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាការចាប់អារម្មណ៍រួម។
ជំនួបតាមប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាក្នុងការជំរុញបន្ថែមទៀត ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕