ខេត្តកំពង់ឆ្នាំង, រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤២នាក់បន្ថែមថ្មីទៀតនិង ករណីមរណភាពស្រ្តីជនជាតិខ្មែរបន្ថែមទៀតនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ករណីឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៏សហគមន៍ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤២នាក់ ស្រី ២០នាក់ ដែលជាអាជីវករ , កម្មករ, មន្ត្រីរាជការ , នគរបាល, គ្រូបង្រៀន, សិស្ស, បុគ្គលិកក្រុមហ៊ុន, អ្នកសារព័ត៌មាន និងអ្នករត់ម៉ូតូឌុប និងករណីមរណភាពស្ត្រីជនជាតិខ្មែរចំនួន ០១នាក់បន្ថែម មានរាយនាមដូចខាងក្រោម៖
អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។
រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង ៣កុំ” ដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិយើង។
ដោយឡែក ករណីមរណភាពស្តីជនជាតិខ្មែរចំនួន ០១នាក់ ជាអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មាន
-ឈ្មោះ ហួន រ៉េត ភេទស្រី អាយុ ៦៨ឆ្នាំ រស់នៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានចូល មកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០:៤៥នាទី ជាអាការហត់ដង្ហក់ ឡេះឡះខ្លាំង ត្រជាក់ចុងដៃចុងជើង និងវិជ្ជមានកូវីដ-១៩ ហើយក្រុមគ្រូពេទ្យបានដាក់ឱ្យសម្រាកព្យាបាលនៅផ្នែកជំងឺឆ្លង នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរ ទោះបីក្រុមគ្រូពេទ្យបានព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានមរណភាពនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៥:៤៥នាទី។
សន្និដ្ឋានរបស់គ្រូពេទ្យ ៖
-ឈ្មោះ ហួន រ៉េត ភេទស្រី អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរខាងលើ បានមរណភាពដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវីដ-១៩។
រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារសព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ, សិលា