ខេត្តបន្ទាយមានជ័យ៖ បើយោងតាមផឹកផ្លូវការ កងទ័ពជើងគោក បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ យោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យលើ ទីតាំងចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ដោយក្រុមរថយន្តចល័ត ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោមេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ បានមានប្រសាសន៍ថា នេះជាថ្ងៃទី៣ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយកម្លាំងកងទ័ព យោធភូមិភាគទី៥។ រីឯការដំណើរការចាក់វ៉ាក់សាំងនេះ ចែកចេញជា ៨ទីតាំង នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយទីតាំងទាំងអស់ ត្រូវបានរៀបចំ និងដំណើរការចាក់ជូនប្រជាពលរដ្ឋទូទៅ និងមាន១ទីតាំង គឺ ជាក្រុមរថយន្តចល័ត ដែលរាជរដ្ឋាភិបាលបានបំពាក់ជូនកងទ័ព ចំនួន២គ្រឿង សម្រាប់ចល័ត ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួល នៅជិតប្រជាពលរដ្ឋ។
ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់បន្ថែមទៀតថា គ្រប់ទីតាំងទាំងអស់បានដំណើរការដោយរលូន ហើយប្រជាពលរដ្ឋក៏មានការសប្បាយចិត្តដែលបានទទួលការចាក់វ៉ាក់សាំងនេះ ។
ក្នុងនោះដែរ លោកក៏បានផ្តាំផ្ញើដល់កងកម្លាំង ត្រូវយកចិត្តទុកដាក់ក្នុងការងារ ចាក់វ៉ាក់សាំងជូនពលរដ្ឋ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងនេះ រួចហើយ កុំភ្លេចអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ លើតំណមក្នុងអំឡុងពេលចាក់វ៉ាក់សាំងនេះ។
ប្រជាពលរដ្ឋទាំងអស់បានសម្តែងនូវក្តីត្រេកអរក្រៃលែង ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ ជាពិសេសសូមអរគុណចំពោះសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងអរគុណចំពោះអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំងជូនពលរដ្ឋនាពេលនេះ ។
គួរបញ្ជាក់ថា ដំណើរការនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទៅ ទូទាំងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ សរុបបានចំនួនជាង ៤០,០០០នាក់ និងបន្តចាក់ជាបន្តបន្ទាប់ទៀត រហូតគ្រប់ចំនួនប្រជាពលរដ្ឋ ក្នុងក្រុងតែម្តង ៕
ដោយ, សិលា