ខេត្តសៀមរាប, ដោយមានការគិតគូរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មិនថាជនជាតិខ្មែរ និងបរទេស អាជ្ញាធរខេត្តសៀមរាប នឹងធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងបំពេញការងារនៅខេត្តសៀមរាប តាមគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ៨:០០នាទីព្រឹកតទៅ។
នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមធ្វើការជូនដំណឹងដល់ជនបរទេសទាំងអស់ដែលកំពុង ស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាបឱ្យបានជ្រាបថា៖ រដ្ឋបាលខេត្តសៀមរាបនឹងធ្វើការចាក់ វ៉ាក់សាំងកូវីដ-១៩ ជូនដល់ជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប តាមគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹកតទៅ។ ចំពោះ ទីតាំងនៃការចាក់វ៉ាក់សាំងកូវីដ-១៩នេះ រដ្ឋបាលខេត្តនឹងរៀបចំឡើង នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ការចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺផ្តល់ជូនចំពោះជនបរទេសដែលបានធ្វើសំណើមករដ្ឋបាលខេត្ត សៀមរាបនៅពេលកន្លងមក។ ជាមួយគ្នានេះ ចំពោះជនបរទេសទាំងឡាយណា ដែលមិនបានធ្វើសំណើមក រដ្ឋបាលខេត្ត ហើយកំពុងរស់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប នឹងមានបំណងចាក់វ៉ាក់សាំង កូវីដ-១៩ ត្រូវទៅធ្វើការ ចុះឈ្មោះ នៅរដ្ឋបាលក្រុងសៀមរាបចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ការចាក់វ៉ាក់សាំង កូវីដ-១៩ ជូនជនបរទេសដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាបនេះ គឺធ្វើឡើងតាម គោលការណ៍មិនគិតថ្លៃ និងស្របតាមគោលការណ៍ស្ម័គ្រចិត្ត។ ដូច្នេះចំពោះជនបរទេសទាំងឡាយណាដែល មានបំណងទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩នេះ សូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធរួមមាន៖ 1.លិខិតឆ្លងដែន ដែលទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជានៅមានសុពលភាព (គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១)។
2.ចំពោះជនបរទេសទាំងឡាយណាដែលទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជាហួសសុពលភាព ហើយមានបំណងចាក់វ៉ាក់សាំង ត្រូវទៅធ្វើការពន្យាទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា ស្របតាមនីតិវិធីដែលមានជាធរមាន។
3.លិខិតបញ្ជាក់សុខភាព ឬវេជ្ជបញ្ហានៃការប្រើប្រាស់ថ្នាំនានា ដែលកំពុងប្រើប្រាស់ជារៀងរាល់ថ្ងៃ(ប្រសិនបើមាន)។
ទទួលបាននូវសេចក្តីជូនដំណឹងនេះ សូមជនបរទេសទាំងឡាយដែលកំពុងរស់នៅ និងកំពុងបំពេញ ការងារក្នុងខេត្តសៀមរាបជ្រាប និងអនុវត្តតាមសេចក្តីជូនដំណឹងនេះ តាមការគួរ៕ (ព័ត៌មានបន្ថែម៖ ០១២ ៥៤៥ ៤៤៣, ០១៧ ៨០៨ ៨៨៤, ០១០ ៥០៧ ៥៦៧, ០៩៧ ២៤៦៨១៤៧)៕
ដោយ, សុខ ខេមរា