អាជ្ញាធរខណ្ឌឫស្សីកែវសម្រេចផ្អាកដំណើរការផ្សារ ងិន អាន ហៅផ្សារទំនប់ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសអាជីវករទាំងអស់ឲ្យបានជ្រាបថា អាស្រ័យដោយស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលនេះមានបងប្អូនអាជីវករ និងប្រជាពលរដ្ឋបានឆ្លងវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលស្ថានភាពនេះបានឆ្លងរាលដាលយ៉ាងឆាប់រហ័សគួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់ ។

ជាក់ស្ដែង នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរខណ្ឌឫស្សីកែវបានចុះបិទជាបណ្តោះអាសន្ននៅផ្សារងិនអាន ហៅផ្សារទំនប់ ដែលមានទីតាំងនៅខាងកើតអតីតរង្វង់មូលកាំកូស៉ីធី តាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលក្នុងទីតាំងផ្សារនេះ។ លោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានអនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទើបលោកសម្រេចបិទផ្សារនេះជាបណ្តោះអាសន្នបន្ទាប់ពីរកឃើញអ្នកកើតកូវីដ-១៩នៅក្នុងផ្សារនេះនិងចេញចូលផ្សារនេះ។ លោកជា ពិសី បានអំពាវនាវដល់អ្នកពាក់ព័ន្ធចេញចូលនៅក្នុងផ្សារនេះត្រូវ តាមដានសុខភាពរបស់ខ្លួន ហើយបើមានលេចចេញរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលស្ថិតនៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, សាលាបឋមសិក្សាសុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ ជាចុងក្រោយ រដ្ឋបាលខណ្ឌខណ្ឌឫស្សីកែវ  សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេស អាជីវករទាំងអស់ដែលកំពុងប្រកបអាជីវកម្មក្នុងផ្សារ ងិន អាន ហៅផ្សារទំនប់ ត្រូវមានការយោគយល់ អធ្យាស្រ័យ និងចូលរួមអនុវត្តសេចក្ដីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕ ដោយរ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print