ភ្នំពេញ ÷ បុរសដែលគេស្គាល់ថាជានាយទាហានជើងទឹកម្នាក់ រួមជាមួយនឹងមិត្តភក្ដិបានចូលទៅផឹកស៊ីក្នុងហាងឈ្មោះ១៨ថ្មី២ ពេលស្រវឹងស្រឿងៗ បានដកកាំភ្លើងខ្លីចេញពីចង្កេះចេញមកក្រៅបង្អួតពេញតុផឹកស៊ី និងថែមទាំងបញ្ចូលគ្រាប់រួចអាមេ ធ្វើឲ្យម្ចាស់ហាងភ័យខ្លាចក៏បានរាយការណ៍ ទៅសមត្ថកិច្ចខណ្ឌជ្រោយចង្វា ចុះមកអន្តរាគមន៍ភ្លាមៗផងដែរ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងភោជនីយដ្ឋាន យីហោ ១៨ថ្មី ២ ផ្លូវ OCIC សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសខាងលើ មានឈ្មោះ ឡាយ សាកន អាយុជាង៣០ឆ្នាំ មុខរបរជាទាហានជើងទឹក មានឋានៈនាយក្រុម១ អនុសេនាតូចការពារអង្គភាពបញ្ជាការដ្ឋាន ការពារកោះឆ្នេរ កងទ័ពជើងទឹក។
ប្រភពព័ត៌មានពីពីម្ចាស់ហាង ១៨ថ្មី ២ បានឲ្យដឹងថា មុនកើតហេតុមានបុរសជាម្ចាស់កាំភ្លើង រួមជាមួយនិងមិត្តភក្ដិម្នាក់ទៀត បានបបួលគ្នាមកអង្គុយហូបអី នៅក្នុងភោជនីយដ្ឋានរបស់គាត់ ខណៈហូបស្រារាងស្រវឹងស្រឿងៗ មិនដឹងថាគាត់មានរឿងអ្វី ស្រាប់តែបានដកកាំភ្លើងខ្លី ម៉ាក K59 ពីចង្កេះ មកដាក់សំញ៉ែងលើតុ និងបញ្ចូលគ្រាប់អាមេ ធ្វើឲ្យបុគ្គលិកនៅក្នុងហាង ១៨ថ្មី ២ ភ័យខ្លាចក៏រត់ទៅប្រាប់ម្ចាស់ហាង ខ្លាចក្រែងមានរឿងដល់អ្នកនៅក្នុងហាង កំពុងអង្គុយហូបអីនៅជិតៗគ្នា បន្ទាប់មកម្ចាស់ហាងបានទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌជ្រោយចង្វា ចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុភ្លាមៗ។
បន្ទាប់ពីសមត្ថកិច្ចបានចុះមកដល់ ក៏សួរនាំទៅលើម្ចាស់ហាង និងម្ចាស់កាំភ្លើង រួចក៏ឃាត់ខ្លួនបុរសជាម្ចាស់កាំភ្លើង នាំទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា សួរនាំបន្ត ចំណែកមិត្តភក្តិម្នាក់ទៀត បានគេចខ្លួនបាត់៕
ដោយ៖ ជ្រោយពេជ្រ