ភ្នំពេញ, នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ក្រុមហ៊ុន Instagram បានបន្ថែមមុខងារ “Security Checkup” ដើម្បីជាជំនួយដល់អ្នកប្រើប្រាស់ក្នុងការ ការពារគណនីរបស់ពួកគេ ក្នុងករណីដែលមានការប៉ុនប៉ងលួចចូលគណនីដោយមិនមានការអនុញ្ញាត។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, ប្រសិនបើអ្នកប្រើប្រាស់គិតថាគណនីរបស់ពួកគេត្រូវបានប៉ុនប៉ងលួចចូលនោះ ពួកគេអាចប្រើមុខងារនេះដើម្បីផ្ដល់ជំនួយក្នុងការ ការពារគណនីមានដូចជា៖
-ឆែកមើលឧបករណ៍ដែលបានចូលទៅក្នុងគណនី
-ផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នកប្រើប្រាស់
-ផ្ទៀងផ្ទាត់គណនីដែលមានប្រើឈ្មោះសម្គាល់ដូចគ្នា
-ធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនមានដូចជាលេខទូរសព្ទ និងអុីម៉ែល
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា លើកឡើងថា, ជាមួយនឹងការប្រកាសដាក់ឱ្យប្រើប្រាស់មុខងារថ្មីនេះ ក្រុមហ៊ុនក៏បានធ្វើការណែនាំឱ្យអ្នកប្រើប្រាស់ប្រើប្រព័ន្ធ two-factor authentication និងឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ននៅពេលដែលពួកគេទទួលបានសារដែលបន្លំធ្វើជាសារ មកពីក្រុមហ៊ុន Instagram។ ក្រុមហ៊ុនបានបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនត្រូវការទំនាក់ទំនង អំពីគណនីរបស់អ្នកប្រើប្រាស់នោះ ពួកគេនឹងប្រើអុីមែលផ្លូវការរបស់ក្រុមហ៊ុនដើម្បីធ្វើការទាក់ទង៕