ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញតែងតែយកចិត្តទុកដាក់ជានិច្ចពីបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ សោភណភាពទីក្រុងឱ្យស្អាត ជាពិសេសកែលម្អសួនច្បាររក្សាអនាម័យសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលអង្គុយលំហែ ឬហាត់ប្រាណជាដើម។
ជាក់ស្ដែងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តសកម្មភាពការងារជួសជុល កែលម្អសួនច្បារនិងពង្រីកផ្លូវទំហំ៤៥ម៉ែត្រមុខច្រកចូលក្រសួងការពារជាតិដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងការពារជាតិថ្មីផងដែរ។
សូមរំលឹកផងដែរថា កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក មន្រ្តីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សាអនុម័តលើគម្រោងកែលម្អសួនច្បារនិងហេដ្ឋារចនាសម្ព័ន្ធនានានៅមុខក្រសួងការពារជាតិ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាមួយនឹងតំណាងរបស់ក្រសួងការពារជាតិ គឺគម្រោងកែលម្អសួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិថ្មីគ្រោងនិឹងស្ថាបនាឱ្យបានរួចរាល់ ពោលគឺមុនពេលបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងការពារជាតិថ្មីដែលគ្រោងនិឹងបើកសម្ពោធក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះទៀត កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថាក្រោយពីបានពិភាក្សាគ្នាក្នុងកិច្ចប្រជុំ ក្រុមការងាររបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ជាមួយនឹងតំណាងក្រសួងការពារជាតិ បានសម្រេចលើគម្រោងកែលម្អសួនច្បារនៅមុខក្រសួងការពារជាតិនេះរួចហើយ។ គម្រោងនេះមានមួយផ្នែកប្រើប្រាស់ថវិការបស់ក្រសួងការពារជាតិ ដូចជាការដាក់លូថ្មីទំហំ១ម៉ែត្រ និងការអ៊ុតកៅស៊ូលើទំហំផ្លូវចូលក្រសួងរហូតដល់៤៥ម៉ែត្រជាដើម។ ចំណែករដ្ឋបាលរាជធានីភ្នំពេញមានការងារច្រើនដែលត្រូវអនុវត្តផងដែរ ដូចជាការកែលម្អសួនច្បារ ដាក់បង្គោលភ្លើង៦៦ដើម ជាមួយនឹងការដាក់លូ ការស្ដារលូពីក្រោយនិងនៅមុខក្រសួងការពារជាតិ ហើយការងារនេះធ្វើយ៉ាងណាឲ្យបានរួចរាល់នៅមុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីទីស្តីការក្រសួងការពារជាតិ។
គួរបញ្ជាក់ថា តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ នឹងត្រូវកាត់សួនចាស់ចេញរហូតដល់ ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួង ហើយសួនថ្មីនេះនឹងរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើងដែលអាចឲ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួលជាមួយនឹងទីតាំងធំទូលាយជាងមុន៕
ដោយ៖ រ៉ារ៉ា