លោក ឃឹម ហ្វីណង់ : អ្នកបន្ទាយស្រី៤នាក់ទៀតត្រូវបានរកឃើញមានវិជ្ជមានកូវីដក្នុងរង្វង់ពីរបីថ្ងៃចុងក្រោយនេះ !

ចែករំលែក៖

ខេត្តសៀមរាប, អ្នកបន្ទាយស្រី៤នាក់ទៀតត្រូវបានរកឃើញមានវិជ្ជមានកូវីដក្នុងរង្វង់ពីរបីថ្ងៃចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកវិជ្ជមានកូវីដសរុបនៅក្នុងស្រុកបន្ទាយស្រីកើនឡើងដល់២៨នាក់ហើយ និងមានអ្នកពាក់ព័ន្ធជិត៣០០នាក់ផ្សេងទៀតកំពុងត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័ក។ នេះជាការថ្លែងពីលោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកបន្តថា, ករណីទាំង៤នេះគឺជាករណីឆ្លងបន្តនៅក្នុងសហគមន៍ ដែលបណ្តាលមកពីបុរសជាប្តីឈ្មោះ ហោ សុវណ្ណរ៉េត ដែលមានអាសយដ្ឋាននៅក្នុងភូមិសណ្តាន់សង្កាត់ទឹកវិលក្រុងសៀមរាប បានចម្លងបន្តទៅក្រុមគ្រួសារដែលជាអ្នកភូមិតាកុះនៃឃុំព្រះដាក់ ក្នុងនោះរួមមាន ប្រពន្ធឈ្មោះ ទុយ ស្រីដេីង កូនអាយុ១ឆ្នាំឈ្មោះ ហោ សេរីបុត្រ និងឳពុកក្មេកឈ្មោះ ម៉ុត យឿន។

លោកអភិបាលស្រុកបន្តថា, ករណីឆ្លងបន្តនេះគឺជាកំហុសនៃការមិនបានធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវរបស់បុគ្គលជាប្តី ដែលតាមពិតទៅ ត្រូវបានតម្រូវឱ្យដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកនៅឯក្នុងក្រុងសៀមរាបឯណោះទេ ព្រោះខ្លួនបានពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងបងប្អូនរបស់គាត់ដែលជាអ្នកលក់ដូរនៅផ្សារលើ និងមានវិជ្ជមានកូវីដ។ ទោះបីជាបានយកសំណាកលើកទីមួយហើយក៏ដោយ ក៏គាត់ត្រូវបន្តដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក និងរង់ចាំការយកសំណាកលើកទី២ទៀតដែរ តែគាត់បែរជាលួចចេញពីផ្ទះរបស់ខ្លួននៅក្រុងសៀមរាប ហើយមកកាន់ផ្ទះមួយទៀតនៅក្នុងស្រុកបន្ទាយស្រី ទីបំផុតបណ្តាលឱ្យឆ្លងបន្តដល់ប្រពន្ធកូននិងក្រុមគ្រួសារ ហើយធ្វើឱ្យមនុស្សពាក់ព័ន្ធជាច្រើនទៀតត្រូវបានធ្វើចត្តាឡីស័ក។

លោកអភិបាលស្រុកវ័យក្មេងរូបនេះបានបានលើកឡើងថា, ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលដឹងថាខ្លួនមានជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ ឬត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័កខ្លួនឯង ទោះបីនៅតាមមណ្ឌលឬនៅតាមផ្ទះក៏ដោយ មេត្តាគោរពវិធានការសុវត្ថិភាពនេះឱ្យបានត្រឹមត្រូវម៉ត់ចត់ជាដាច់ខាត មិនត្រូវល្មើសនឹងការហាមឃាត់នេះទេ ដែលជាហេតុនាំឱ្យលំបាកដល់អ្នកដទៃ ធ្វើឱ្យមានការរីករាលដាលឆ្លងនៅក្នុងសហគមន៍ និងអាចប្រឈមមុខនឹងការផាកពិន័យខាងផ្លូវច្បាប់ផងដែរ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print