ភ្នំពេញ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិសស រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក (ស.រ. អា) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើ ជាសហប្រធាន ដោយលោក សាឡឹមសាយ គុំម៉ាស៊ីថ (Saleumxay Kommasith) រដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ស.រ.អា និងលោក អេនតូនី គ្លីនខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។ កិច្ចប្រជុំបានត្រូវបានអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីការបរទេស អាស៊ាន និងអគ្គលេខាធិការអាស៊ាន។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ថ្លើនខន បានផ្លាស់ប្តូរទស្សនពីសារៈសំខាន់នៃការពង្រឹងឡើងវិញនៃទំនាក់ទំនងអាស៊ាន-ស. រ.អា កិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ រួមទាំងបញ្ហាផ្សេងៗ ដែលជាការព្រួយបារម្ភ និងជាផលប្រយោជន៍រួម ទាំងក្នុងតំបន់ និងក្រៅតំបន់។
អាស៊ានបានអបអរសាទរចំពោះការតាំងចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងឡើងវិញនៃ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ជាពិសេសនៅចំពោះមុខការប្រឈមពហុវិស័យ នៅក្នុងតំបន់ និងពិភពលោក។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានស្វាគមន៍ការប្តេជ្ញាចំពោះពហុភាគី និយមរបស់រដ្ឋបាលថ្មីសហរដ្ឋអាមេរិកដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការធ្វើទំនាក់ទំនងជាថ្មី ជាមួយអង្គការអន្តរជាតិធំៗ ក្នុងការដោះស្រាយបញ្ហាបន្ទាន់សកល ដូចជា ជំងឺរាតត្បាតកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បាន អរគុណ លោក អេនតូនី ថ្លើនខន ដែលបានអះអាងជាថ្មីនូវការគាំទ្ររបស់អាមេរិកចំពោះមជ្ឈភាព អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ស្របតាមទស្សនៈដោយអាសាន ស្ដីពី ឥណ្ឌូ-ប៉ាស៊ីហ្វិក។
រដ្ឋមន្ត្រីការបរទេសទាំងអស់ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ស.រ.អា ក្នុងការ គ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ កាត់បន្ថយផលប៉ះពាល់ដោយសារជំងឺនេះ ពន្លឿនការស្តារឡើងវិញ នៃសេដ្ឋកិច្ច-សង្គមឱ្យបានឆាប់រហ័ស ព្រមទាំងការកសាងភាពរឹងមាំទប់ទល់នឹងវិបតិ្តសុខាភិបាល នាពេលអនាគត។ អាស៊ានបានស្វាគមន៍ការចូលរួមចំណែករបស់សហរដ្ឋអាមេរិកចំពោះគំនិត ផ្តួចផ្តើមជំងឺកូវីដ-១៩ របស់អាស៊ាន រួមមាន មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ១៩ និងក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។ លោករដ្ឋមន្ត្រីការបរទេស អេនតូនីនខេន បានរំលេចអំពីតួនាទីរបស់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសផ្ដល់ជំនួយដ៏ធំ បំផុតដល់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) និងការគាំទ្រដល់តំបន់ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងជំងឺកូវីដ-១៩ តាមរយៈការចូលរួមចំណែកជាទឹកប្រាក់ចំនួន ១១២លានដុល្លារអាមេរិក ក្នុងក្របខ័ណ្ឌជំនួយ សម្រាប់សង្គ្រោះបន្ទាន់ផ្នែកសុខាភិបាល និងមនុស្សធម៌ ដល់បណ្តាប្រទេស សមាជិកអាស៊ាន។
រដ្ឋមន្ត្រីការបរទេសទាំងអស់បានសម្ដែងសុទិដ្ឋិនិយមថា ផែនការសកម្មភាពឆ្នាំ២០២១-២០២៥ ដែលបានឯកភាពរួចគឺដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ស.រ.អា និងកិច្ចសហ ប្រតិបត្តិការ តាមរយៈយន្តការអនុតំបន់ រួមទាំងគំនិតផ្តួចផ្តើមមេគង្គ-ស. រ.អា នឹងនាំមកនូវលទ្ធផល ប្រកបដោយផ្លែផ្កា នៅក្នុងវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រួមមានវិស័យ ពាណិជ្ជកម្មនិងការវិនិយោគ សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) វិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ និងការបង្រួមគម្លាតអភិវឌ្ឍន៍ និងបញ្ហាសន្តិសុខឆ្លងដែន។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក៏បានផ្លាស់ប្ដូរយោបល់គ្នា ផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលផ្ដល់សារៈសំខាន់ដល់សន្តិភាព ស្ថិរភាព និង សន្តិសុខក្នុងតំបន់។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកទឹកចិត្តចំពោះ សហរដ្ឋអាមេរិកឱ្យរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ ១៩ និងងើបចេញពីផលប៉ះពាល់នៃជំងឺនេះដោយភាពរឹងមាំ ស្របពេលដែល លោក បាន សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានដោយស្មើភាពនូវ វ៉ាក់សាំង ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាព។ លោក បានបង្ហាញនូវការជឿជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ស.រ.អា ដែលត្រូវបានលើកកម្ពស់ គឺនឹងផ្តល់នូវផលប្រយោជន៍ យ៉ាងពិសេសដល់ការកសាងសហគមន៍អាស៊ាន។
សេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី
ប្រទេសម៉ាឡេស៊ី: ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សូមជម្រាបជូនដំណឹងដល់ ពលរដ្ឋ ពលករ-ពលការិនីខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ីជ្រាបថា រដ្ឋាភិបាល ម៉ាឡេស៊ីបានសម្រេចបន្តកម្មវិធី Repatriation Recalibration Programme រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ ឬរហូតដល់កម្មវិធីចាក់វ៉ាក់សាំងត្រូវបានបញ្ចប់។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានរៀបចំបញ្ញវ័ន្តពិសេស (Special Counters) នៅអាកាសយានដ្ឋាន អន្តរជាតិគូឡាឡាំពួ (KLIA)ដើម្បីជួយសម្របសម្រួលដល់ជនបរទេសខុសច្បាប់ទាំងអស់ដែលមានបំណង វិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនតាមរយៈកម្មវិធីRecalibration Programme ដោយមិនចាំបាច់ ធ្វើការណាត់ជួបតាមប្រព័ន្ធអនឡាញ (Online Appointment System – STO)។ ដើម្បីចូលរួមកម្មវិធីនេះ នៅ KLIA ជនបរទេសខុសច្បាប់ទាំងអស់ត្រូវមានឯកសារ និងបំពេញលក្ខខណ្ឌដូចខាងក្រោម៖
→ លិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងច្បាប់ថតចម្លង
– សំបុត្រយន្តហោះត្រឡប់ទៅប្រទេសកំណើត
– ត្រូវទៅដល់អាកាសយានដ្ឋាន KLIA យ៉ាងហោចណាស់រយៈពេល៦ម៉ោង មុនការហោះហើរ = បង់ថ្លៃផាកពិន័យចំនួន៥០០រីងហ្គីត ដោយ Debit Card, Credit Card ឬ Touch N’ Go e-Wallet ត្រូវមានលទ្ធផលធ្វើតេស្តអវិជ្ជមានកូវីដ១៩ (RT-PCR Test) ដែលមានសុពលភាពរយៈពេល ៧២ម៉ោងមុនការហោះហើរ។
កម្មវិធី Recalibration Programme បើកដំណើរការជារៀងរាល់ថ្ងៃ (២៤ម៉ោង/៧ថ្ងៃ) ចាប់ពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២១ តទៅ។ អ្នកចូលរួមកម្មវិធីនេះត្រូវចូលតាមច្រកទ្វារ ទី២ ទី៣ ទី៥ ឬទី៦ នៅជាន់ទី៥ កន្លែងចេញដំណើរ (Departure Hall) ដើម្បីវាស់កម្ដៅ មុននឹងទៅដំណើរការឯកសារនៅជាន់ទី៣ ជិត កន្លែងមកដល់របស់អ្នកដំណើរក្នុងស្រុក(Domestic Arival Area) នៃ KLIA។
អាស្រ័យហេតុនេះ សូមពលរដ្ឋ ពលករ-ពលការិនីទាំងអស់ជ្រាបជាព័ត៌មាន និងជួយផ្សព្វផ្សាយបន្ត៕
ដោយ, សុខ ខេមរា