ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានករណីជនសង្ស័យចំនួន ៤នាក់បានវាយប្លន់យកម៉ូតូមួយគ្រឿងពីជនរងគ្រោះម្នាក់នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីជនរងគ្រោះត្រូវបាន ចោរទាំងនេះវាយប្លន់រួចហើយ ជនរងគ្រោះក៏មិនបានដាក់ពាក្យបណ្តឹងឬផ្តល់ព័ត៌មានដោយផ្ទាល់ដល់សមត្ថកិច្ចកងរាជអាវុធហត្ថឲ្យបានដឹងនោះដែរ តែតាមរយៈបណ្តាញក្តាប់ព័ត៌មានថាមានករណីប្លន់ដូចខាងលើ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌកំបូលបានបើកការស៊ើបអង្កេតស្រាវជ្រាវ ជាបន្តបន្ទាប់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្តែងនៅចំណុចដីវាលទុកចោលមួយកន្លែងក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោង១៨:៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រោមការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះ
រាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ដោយសារទីតាំងឃាត់ខ្លួនជាភូមិសាស្ត្រដីវាល បានធ្វើឲ្យមានការរំខានដល់ប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការលបចូលទៅជិតជនសង្ស័យ បណ្តាលឱ្យបក្ខពួកផ្សេងទៀតដឹងខ្លួនរត់ចែកផ្លូវគ្នាយ៉ាងលឿនមុនពេលសមត្ថកិច្ចចូលទៅដល់ ទើបធ្វើឲ្យសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យត្រឹមតែ២នាក់ និងដកហូតម៉ូតូបានចំនួន៣គ្រឿងគឺ៖
– ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ គ្មានស្លាកលេខ (ជារបស់ជនសង្ស័យដែលឃាត់ខ្លួនបាន), ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២០ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1IC-6209 (ជារបស់ជនសង្ស័យរត់ចោល), ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខព្រៃវែង1R- 9039 (សមត្ថកិច្ចក្តាប់បានថាជាម៉ូតូ របស់ជនរងគ្រោះដែលត្រូវបានប្លន់ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១)។
ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ៖
១-ចែម ខែមរិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ (ពិនិត្យឃើញមានសារធាតុញៀន ជាមុខសញ្ញាវាយប្លន់យ៉ាងសកម្មនៅចំណុចផ្លូវជាតិលេខ៣) បច្ចុប្បន្នស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ទេព ពេញ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមេខ្លោងវាយប្លន់) បច្ចុប្បន្នស្នាក់នៅភូមិទូលពង្រ សង្កាតចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង២នាក់បានសារភាពឱ្យដឹងថា ពួកគេ និងបក្ខពួក៥នាក់ទៀតគឺ ទី១ឈ្មោះ អាត្រេន, ទី២ឈ្មោះ អាសំអន, ទី៣ឈ្មោះ អាកាយ, ទី៤ឈ្មោះ អារក្ស និងទី៥ឈ្មោះ អាព្រលិត តែងតែធ្វើសកម្មភាពពួនស្ទាក់វាយប្លន់ជនរងគ្រោះនៅកន្លែងស្ងាត់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ ជាក់ស្តែងកាលពីឆ្នាំ២០១៧ ក្រុមខ្លួនធ្លាប់បានធ្វើសកម្មភាពវាយប្លន់នៅផ្លូវលេខ៥១ក្នុងទឹកដីខេត្តកំពង់ស្ពឺ។ នៅឆ្នាំ២០១៩ ក្រុមខ្លួនធ្លាប់ធ្វើសកម្មភាព វាយប្លន់នៅក្នុងទីរួមខេត្តកំពង់ស្ពឺ ហើយក្រោយៗមកគឺធ្វើសកម្មភាពវាយប្លន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលចុងក្រោយគឺបានវាយប្លន់នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដោយឈ្មោះ( អាកាយ) ជាអ្នកធាក់ទៅលើជនរងគ្រោះបណ្តាលឱ្យដួល រួចជនរងគ្រោះបានរត់ទៅកន្លែងទិញអេតចាយក្បែរនោះ។ បន្ទាប់មកបក្ខពួកខ្លួនឈ្មោះ (អារក្ស) បានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់រៀងៗខ្លួន។
រាល់ការចេញវាយប្លន់មួយលើកៗ គឺពួកខ្លួនតែងរត់គេចរួចដោយសុវត្ថិភាព ។ លុះមកដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ខណៈពួកខ្លួនទៅអង្គុយផឹកស៊ីជុំគ្នាលេងនៅចំណុចដីវាលមួយកន្លែងក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រហូតដល់ម៉ោងប្រហែល១៨:៣០នាទីយប់ ស្រាប់តែមានសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌកំបូលបានមកដល់ធ្វើការដេញចាប់ពួកខ្លួនបាន២នាក់ រីឯបក្ខពួកជាច្រើននាក់ទៀតបានរត់គេចខ្លួនទាន់។
ជាមួយការបង្ក្រាបជនសង្ស័យទាំង២នាក់នេះដែរ សមត្ថកិច្ចកងរាជអាវុធហត្ថ បានប្រើឧបករណ៍តេស្តរហ័ស Rapit Test ពិនិត្យជនសង្ស័យរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១នាក់គឺ ឈ្មោះ ទេព ពេញ ជាហេតុធ្វើឲ្យមានការរំខានបន្ថែមដល់និីតិវិធី របស់សមត្ថកិច្ច។
បច្ចុប្បន្នម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យបានប្លន់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ម៉ាក ហុងដា សេ១២៥ (លេខតួ ND125M5727548 / លេខម៉ាស៊ីន ND125ME5727548) ត្រូវបានជនសង្ស័យយកទៅប្តូរពណ៌ពីពណ៌ខ្មៅ មកជាពណ៌ខ្មៅលាយស ។ រីឯម្ចាស់ម៉ូតូ កងរាជអាវុធហត្ថមិនទាន់បានស្គាល់និងទាក់ទងបាននៅឡើយទេ។ ដូច្នេះ អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវដល់ម្ចាស់ម៉ូតូ ឬបងប្អូនណាបានស្គាល់ម្ចាស់ម៉ូតូ សូមអញ្ជើញមកទំនាក់ទំនងទទួលយកម៉ូតូ ត្រឡប់ទៅវិញ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមការគួរ៕
ដោយ៖ ចន្ទ លីហ្សា