ភ្នំពេញ ៖ បុរសជាអតីតសន្តិសុខម្នាក់បានដើរទៅលេងមិត្តភក្តិក៏ស្រាប់តែដួលស្លាប់នៅលើដងផ្លូវ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅតាមផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ិន ណារ៉េត អាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមសម្តីបុរសម្នាក់ឈ្មោះ ជុំ សុខគង់ អាយុ៤១ឆ្នាំ ជាសន្តិសុខ GKS ដែលយាមនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង១០យប់ថ្ងៃទី១៤ ខែកក្កដា ជនរងគ្រោះបានជិះម៉ូតូកង់៣មកលេងរូបគាត់ដែលកំពុងយាម និងអង្គុយជជែកគ្នាលេងដោយគាត់ប្រាប់ថាមិនសូវស្រួលខ្លួនឡើយ។
ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង៣ទៀបភ្លឺ បុរសរងគ្រោះក៏បានដើរត្រឡប់ទៅផ្ទះវិញបានប្រមាណ៦០ម៉ែត្រក៏អង្គុយចុះ។ ពេលឃើញដូចនេះ រូបគាត់ (ឈ្មោះជុំ សុខគង់) ក៏បានដើរទៅមើល និងជួយលើកតែបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា កន្លងមកបុរសរូបនេះ (ជនរងគ្រោះ) មានប្រពន្ធជាច្រើននាក់ ហើយនៅមុនពេលកើតហេតុ ក៏មានទំនាស់គ្នាជាមួយប្រពន្ធក្រោយ រួចក៏បានជិះម៉ូតូកង់៣ ទៅលេងអ្នកស្គាល់គ្នានៅកន្លែងធ្លាប់ធ្វើការ តែមិននឹកស្មានថាគាត់ដើរដួលស្លាប់បែបនេះឡើយ។
បន្ទាប់ពីកើតហេតុនៅព្រឹកនេះដែរ គេបានឃើញស្ត្រីជាប្រពន្ធក្រោយមកមើលដែរ តែមិនទទួលស្គាល់ឡើយ ហើយក៏បានត្រឡប់ទៅវិញទៅ។ បើតាមការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញលើសពជនរងគ្រោះឃើញថា អវិជ្ជមានកូវីដ-១៩។ ក្រោយមកនគរបាលក៏បានសន្និដ្ឋានថា បុរសរងគ្រោះរូបនេះបានស្លាប់ដោយសារជំងឺគាំងបេះដូង៕
ដោយ៖ ជ្រោយពេជ្រ