តារាឆ្នើមអង់គ្លេស Kieran Trippier កំពុងចង់វិលទៅកាន់ក្របខ័ណ្ឌ Premier League នៅរដូវក្តៅនេះ ខណៈដែលខ្សែការពារខាងស្តាំរង់ចាំមើលថាតើក្រុមបិសាចក្រហម Manchester United ធ្វើការដេញថ្លៃថ្មីសម្រាប់រូបគេឬអត់។យោងតាមការចេញផ្សាយរបស់ telegraph បានបង្ហាញថា ក្លិបបិសាចក្រហមបានបរាជ័យក្នុងការដេញថ្លៃដើម្បីចុះហត្ថលេខាលើ Kieran Trippier នៅរដូវក្តៅនេះដោយក្លិប Atletico Madrid ចង់បានប្រហែល៣០លានផោនសម្រាប់កីឡាករវ័យ៣០ឆ្នាំរូបនេះ។
Kieran Trippier នៅសល់មួយឆ្នាំទៀតលើកិច្ចសន្យាកុងត្រារបស់ Atletico Madrid ដែលរួមបញ្ចូលទាំងជម្រើសនៃការពន្យាពេល១២ខែផងដែរ ប៉ុន្តែអតីតកីឡាករក្លិប Tottenham Hotspur រូបនេះបានត្រៀមខ្លួនថា គាត់ចង់វិលត្រឡប់ទៅអង់គ្លេសវិញ។
គេយល់ថាក្លិបនៅ Premier League ពីរផ្សេងទៀតក្រៅពី Man United បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Trippier ដែរ ប៉ុន្តែការផ្លាស់ទៅកាន់ទឹកដី Old Trafford ត្រូវបានគេជឿជាក់ថាជាចំណូលចិត្តរបស់គាត់។
Trippier បានបំពេញតួនាទីយ៉ាងអស្ចារ្យសម្រាប់អង់គ្លេសក្នុងពានរង្វាន់យូរ៉ូ និងបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមពីខ្សែការពារឆ្វេង Luke Shaw របស់ក្រុមបិសាចក្រហមស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រទល់នឹងអុីតាលីផងដែរ។ ការលេងរបស់កីឡាកររូបនេះនៅក្នុងការប្រកួតដែលភាគច្រើនបានត្រឡប់មកវិញដែលរួមបញ្ចូលទាំងប្រធានក្រុមបិសាចក្រហម Harry Maguire ក៏ដូចជា Luke Shaw នឹងមានការចាប់អារម្មណ៍កាន់តែខ្លាំងលើរូបគាត់ ។
ក្លិបបិសាចក្រហមបានចំណាយប្រាក់ ៧៣ លានផោនលើកីឡាករ Jadon Sancho ហើយប្រសិនបើចង់បាន Trippier ក្លិបចាំបាច់អាចនឹងលក់កីឡាករខ្លះមុនពេលសម្រេចចិត្តថា តើត្រូវដេញថ្លៃសម្រាប់ Trippier ឬអត់។
ទោះបីជារីករាយនឹងពេលវេលារបស់កីឡាករ Trippier យ៉ាងខ្លាំងនៅក្នុងប្រទេសអេស្ប៉ាញក៏ដោយឥឡូវនេះ Trippier ជឿជាក់ថា ពេលវេលាត្រឹមត្រូវដើម្បីវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ និងព្យាយាមឈ្នះពានរង្វាន់កិត្តិយសជាលើកដំបូងរបស់គាត់នៅក្នុងលីគកំពូលអង់គ្លេស ៕
ដោយ ៖ ភារៈ(រូបថត ៖ telegraph)