លោកឧត្តមសេនីយ៍ម៉ុន មាគ៌ាអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ឧបត្ថម្ភថវិកា និងពិនិត្យដំណើរការសាងសង់អគារថ្មីប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកចំនួន២កន្លែង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសៅរ៍ ៨ កើត ខែទុតិយា​សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១​ បាន​ដឹកនាំក្រុមការងារចុះសំណេះសំណាល​សួរសុខទុក្ខ និងពិនិត្យដំណើរការសាង​សង់អគារថ្មីប៉ុស្ដិ៍នគរបាល​ការពារព្រំដែនគោកថ្មតាដោក និងប៉ុស្តិ៍សាទុំ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៧ ព្រមទាំងបានឧបត្ថម្ភថវិកាចំនួន២០០ដុល្លារដល់ប៉ុស្តិ៍នគរបាលទាំងពីរខាងលើ (ក្នុងមួយប៉ុស្តិ៍ទទួលបាន​១០០ដុល្លារ) ដែលជាថវិកាផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ស្នងការ និងលោកស្រីជាភរិយា ។

លោកឧត្តមសេនីយ៍ស្នងការបានមានប្រសាសន៍ណែនាំឱ្យប្រធានក្រុមការ​ងារទទួលខុសត្រូវការសាងសង់ និង មេជាងសំណង់ត្រូវយកចិត្តទុកដាក់ចំពោះការសាងសង់ឱ្យសមស្របទៅតាមបទដ្ឋានបច្ចេកទេសសំណង់ប្រកប​ដោយគុណភាព ពិសេស​លោកណែនាំឱ្យបងប្អូនកង​កម្លាំងទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ក្នុងការការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ និងក្រុមការងារសាងសង់ទាំងអស់ ព្រមទាំងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចៀសឱ្យផុតពីការឆ្លងជំងឺកូវីដ-១៩៕

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print