ភ្នំពេញ , មិនដឹងជាកូនចៅលោកណាទេព្រះអើយ ឲ្យពពាក់ពពូនគ្នា ជាក្រុមៗ មានស្រី មានប្រុស ដើរផឹកសុីស្រាក្រឡុកទល់ភ្លឺ ដល់ប៉ះពាល់សំដីគ្នា បើកឆាកប្រយុទ្ធ យកកៅអីជ័រ វាយគ្នា អោយប្រសេចប្រសាច តាំងពីម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។ ទីបំផុត ! សមត្ថកិច្ចឃាត់ខ្លួនបានចំនួន១៥នាក់ យកទៅសាកសួរមានសុទ្ធតែ (ស្រីស្អាតមើលពេលយប់ចាញ់បោកភ្លើងពណ៌) ដោយឡែកគូកន ជាប្រុសៗ ទាំង២ក្រុមសងខាងរត់យករួចខ្លួនបាត់អស់ ។
សូមបញ្ជាក់ថា, ក្រុមក្មេងស្រីៗ ប្រុសៗ ២ក្រុមជាច្រើននាក់ បានឈ្លោះប្រកែកគ្នាមួយប្រាវប្រុងនិងវាយតបគ្នាតែត្រូវ កម្លាំងនគរបាលចោមចៅទី៣ ដឹកនាំដោយលោក ថេង កុសល នាយប៉ុស្តិ៍ចោមចៅទី៣ចុះអន្តរាគមន៍ភ្លាមៗនិងឃាត់ខ្លួនពួកគេនាំយកមកអប់រំរួចឲ្យត្រឡប់ទៅផ្ទះវិញ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៤កន្លះទៀបភ្លឺថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តុបជម្ពូវ័នផ្លូវជាតិ៤កែងមហាវិថីឈ្នះឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ថេង កុសល បានឲ្យដឹងថា, ក្រុមក្មេងស្រីៗខាងលើគឺជាអ្នកលក់ស្រាក្រឡុកនាពេលរាត្រីនៅទីតាំងកើតហេតុខាងលើ បានឈ្លោះប្រកែកគ្នាព្រោះតែរឿងដណ្តើមម៉ូយគ្នា ធ្វើឲ្យហិង្សាពាក្យសំដីបានកើតឡើងរហូតប៊ិះនឹងប៉ះទង្គិចការវាយតបគ្នាទៀតផង។
ភ្លាមៗនោះលោកក៏បានដឹកនាំកម្លាំងចុះទៅអន្តរាគមន៍ភ្លាមៗនិងធ្វើការ ឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីអប់រំធ្វើកិច្ចសន្យាបញ្ឈប់ការឈ្លោះទាស់ទែងគ្នាបន្តទៀត រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញរៀងខ្លួនផងដែរ។
សូមជម្រាបថា, ហេតុអី្វសម័យកូវីដ-១៩ នៅបើកលក់ស្រាក្រឡុក ទល់ៗភ្លឺ ហើយប្រមូលផ្តុំមនុស្សកកកុញ បំពានវិធានសុខាភិបាល ?
ដោយ, សិលា