លោក ឃឹម ហ្វីណង់ : អ្នកប៉ះពាល់ជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩ ជិត២០០នាក់ ធ្វើតេស្តសុទ្ធតែអវិជ្ជមានទាំងអស់ !

ចែករំលែក៖

ខេត្តសៀមរាប, លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រីខេត្តសៀមរាប នៅរសៀលថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា , សូមចូលរួមត្រេកអរអ្នកផ្សារព្រះដាក់ លទ្ធផលនៃការយកសំណាកលើកទី២របស់បងប្អូនអាជីវករ និងអ្នកប៉ះពាល់ជាមួយនឹងអ្នកវិជ្ជមានកូវីដជិត២០០នាក់ សុទ្ធតែអវិជ្ជមានទាំងអស់ ក្រោយពីបានរង់ចាំអស់រយៈពេល១៤ថ្ងៃរួចមក។ បន្ទាប់ពីទទួលបានលទ្ធផលអវិជ្ជមានភ្លាមៗ ក្រុមការងារក៏បានបញ្ជូនពួកគាត់ទាំងអស់នេះឱ្យទៅទទួលការចាក់វ៉ាក់សាំងដូសដំបូងតែម្តង នៅឯសាលាបឋមសិក្សាព្រះដាក់ដែលកំពុងតែដំណើរការយុទ្ធនាការក្នុងពេលដំណាលគ្នានេះផងដែរ។

លោកអភិបាលបន្តថា, បើទោះជាលទ្ធផលល្អយ៉ាងនេះក៏ដោយ រដ្ឋបាលស្រុកបន្ទាយស្រីនៅតែសម្រេចបន្តបិទផ្សារព្រះដាក់ជាបណ្តោះអាសន្នរយៈពេល១ខែថែមទៀតសិន ដោយហេតុតែទីតាំងផ្សារចាស់នេះមានលក្ខណៈតូចចង្អៀតមិនមានខ្យល់ចេញចូលល្អ ងាយនឹងបង្កហានិភ័យឆ្លងនៅក្នុងសហគមន៍ និងដោយសារតែអ្នកឃុំព្រះដាក់ទាំងមូលត្រូវមានការប្រុងប្រយត្ន័ខ្លួនខ្ពស់អំឡុងពេលដែលខ្លួនកំពុងរង់ចាំការចាក់វ៉ាក់សាំងដូសទី២។ រហូតមកដល់ពេលនេះ អ្នកឃុំព្រះដាក់ទាំងមូលបានបញ្ចប់ការចាក់វ៉ាក់សាំងដូសទី១ចប់រួចរាល់អស់ហើយ តែត្រូវរង់ចាំ៣សប្តាហ៍ទៀតទើបអាចទទួលការចាក់ដូសទី២បាន។

ដោយមើលឃើញពីភាពចាំបាច់នៃការបន្តជីវភាពប្រកបរបរលក់ដូររបស់អ្នកផ្សារ និងដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកឃុំព្រះដាក់អាចទៅផ្សារទិញអីវ៉ាន់ចាំបាច់ប្រចាំថ្ងៃបាន រដ្ឋបាលស្រុកនឹងរៀបចំកន្លែងលក់ជាបណ្តោះមួយក្នុងទម្រង់បែប”ផ្សារក្រមួន” នៅលើផ្លូវបេតុងថ្មីមួយនៅក្នុងភូមិព្រះដាក់ក្នុងរយៈពេល២ថ្ងៃខាងមុខនេះ។ ក្រុមការងារនឹងជូនដំណឹងលម្អិតពីការរៀបចំសម្របសម្រួលគ្រប់គ្រងកន្លែងលក់បណ្តោះអាសន្ននេះនៅពេលក្រោយទៀត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print