ខេត្តបន្ទាយមានជ័យ÷នគរបាលស្រុកព្រះនេត្រព្រះបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២១នៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ពីបទរួមភេទជាមួយអនីតិជន ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា នៅថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២១ ឈ្មោះ ម៉ាក ខាន់ ភេទប្រុសអាយុ៥៣ឆ្នាំជនជាតិខ្មែរ នៅភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះថា កាលពីយប់ម៉ោង០១រំលងអធ្រាត្រនាថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២១គាត់បានបាត់ចៅស្រីឈ្មោះខ.ល.ត អាយុ១៣ឆ្នាំនៅផ្ទះជាមួយ។ លុះនៅព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២១ គាត់បានទៅរកចៅស្រី ឃើញនៅនឹងផ្ទះឈ្មោះ ព្រួញ មករា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ហើយនាំចៅមកផ្ទះវិញ។ តាមការសាកសួរចៅស្រីគាត់ប្រាប់ថានៅយប់នោះដេកនឹងផ្ទះឈ្មោះព្រួញ មករា ត្រូវបានឈ្មោះមករា នេះបង្ខំចាប់រួមភេទជាមួយបានសម្រេច ចំនួន ០២ លើក ។
លោកអធិការបានបន្តថាឆ្លងតាមកំណត់ហេតុបំភ្លឺរបស់ក្មេងស្រីរងគ្រោះបានបញ្ជាក់ថាខ្លួននាងបានស្គាល់ឈ្មោះមករានេះរយ:ឆាតតាមហ្វេសប៊ុកប្រហែល០៥ខែមកហើយ ។ លុះមកដល់ថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២១ម៉ោងជាងប្រហែល១២យប់ ឈ្មោះមករា បានទូរស័ព្ទមកបបួលនាងទៅចូលរួមខួបកំណើតមិត្តភក្តិគេនៅក្រុងសិរីសោភ័ណ ប្រាប់ដោយថាគេមកចាំទទួលនៅមុខសាលារៀនភូមិប៉ោយតាប៉ែន។ បន្ទាប់មកនាងបានចេញពីផ្ទះទៅតែម្នាក់ឯង ទៅជួបឈ្មោះ មករា នៅមុខសាលារៀន ដោយមិនប្រាប់តា យាយឲ្យដឹងទេ។ ក្រោយមកនាងបានជិះម៉ូតូទៅជាមួយឈ្មោះមករា និងគ្នាគេម្នាក់ទៀតភេទប្រុសមិនស្គាល់។ ពេលទៅដល់ភូមិខ្វាវ ឈ្មោះមករា បាននាំទៅដេកលើផ្ទះឈើមួយ ហើយនៅយប់នោះត្រូវបានឈ្មោះមករា បង្ខំរួមភេទបានសម្រេចចំនួន២លើក។
លោកអធិការបន្តថា ក្រោយពីទទួលបានបណ្តឹងពីជីតានិងស្តាប់ការបំភ្លឺរបស់ក្មេងស្រីរងគ្រោះរួមផ្សំនឹងការស្រាវជ្រាវផង កម្លាំងនគរបាលស្រុកបានចុះទៅធ្វើការនាំខ្លួនឈ្មោះព្រួញ មករា ភេទប្រុស អាយុ២០ឆ្នាំនៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ យកមកសួរនាំនិងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ព្រះនេត្រព្រះ នៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២១ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ព្រួញ មករា បានសារភាពថា រវាងរូបគេនឹងក្មេងស្រីខ.ល.ត បានទំនាក់ទំនងស្គាល់គ្នាតាមរយៈឆាត ហ្វេសប៊ុកយូរមកហើយ ។ លុះមកដល់ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១ម៉ោងប្រហែល០១យប់រំលងអធ្រាត្រ សង្សាររបស់ខ្លួន(ខ.ល.ត) បានទូរស័ព្ទមកអោយរូបគេទៅយកគេមកដើរលេង គេក៏ព្រមទៅយកជាមួយឈ្មោះយីម ភេទប្រុស អាយុ២០ឆ្នាំនៅភូមិខ្ញែរ ឃុំបុស្បូវជាមិត្តភក្តិអ្នកបើកម៉ូតូទៅយកនិងបានណាត់ជួបគ្នានៅមុខសាលារៀនភូមិប៉ោយតាប៉ែន ។ក្រោយជួបគ្នាហើយបានជិះម៉ូតូទៅដល់ភូមិខ្វាវ ម៉ោងប្រហែល០២នឹង៣០នាទីទៀបភ្លឺ ខ្លួនបាននាំនាង ដេកនៅលើផ្ទះរបស់ខ្លួន ឯឈ្មោះយីមជាមិត្តភក្តិ ដេកក្រោមផ្ទះ នៅយប់នោះគេបានរួមភេទជាមួយនាង បានសម្រេច ០១លើក ដោយមានការយល់ព្រមពីនាងផងដែរ ។
លោកបញ្ជាក់ថា ដោយផ្អែកលើបណ្តឹងរបស់ជីតាក្មេងស្រីរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យ ។ឈ្មោះ ព្រួញ មករា គឺពិតជាបានរួមភេទជាមួយក្មេងស្រីជាអនីតិជនប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕