ភ្នំពេញ, ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ ទីនទីន បោះដុំនិងលក់រាយ អាល់កុល ពេទ្យរបស់ខ្មែរ និងFamily Hygiene ដែលកំពុងផ្សព្វផ្សាយលក់អាល់កុល និងផលិតផលសម្លាប់មេរោគគ្មានលេខបញ្ជិកា ឬប្រវេទន៍ពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថាៈ មានគណនី ហ្វេសប៊ុកឈ្មោះ ទីនទីន បោះដុំនិងលក់រាយអាល់កុលពេទ្យរបស់ខ្មែរ និងFamily Hygler កំពុងផ្សព្វផ្សាយ លក់អាល់កុល និងផលិតផលសម្លាប់មេរោគដូចជា ១. អាល់កុលពេទ្យ១០០% ( Alcohol75%), ២. ផលិតផល សម្លាប់មេរោគ Hypochlorus Acid និងផលិតផលជាច្រើនប្រភេទទៀតគ្មានលេខទិដ្ឋាការបញ្ជិកា ឬប្រវេទន៍ពីក្រសួងសុខាភិបាល។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រង ឱសថតម្រូវឱ្យរាល់ការចរាចរផលិតផលសម្លាប់មេរោគក៏ដូចជាគ្រឿងសម្អាងគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកា ឬលេខប្រវេទន៍ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយ ផលិតផលទាំងនេះត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួង សុខាភិបាល សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលទាំងអស់ខាងលើ ជាបន្តទៀត ព្រោះផលិតផលទាំងនេះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ទីនទីន បោះដុំនិងលក់រាយអាល់កុលពេទ្យរបស់ខ្មែរ និង Family Hygiens ដែលកំពុងផ្សព្វផ្សាយលក់ អាល់កុល និងផលិតផលសម្លាប់មេរោគទាំងនេះទៅតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាងនៃក្រសួងសុខាភិបាល សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១២ ៥៦២ ៤៤៦៕
ដោយ, សុខ ខេមរា