មានករណីស្លាប់ស្ត្រីជនជាតិខ្មែរ អាយុ៧៥ឆ្នាំម្នាក់នៅភូមិតាឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយសារកូវីដ-១៩

ចែករំលែក៖

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ នុត ហ៊ាន អាយុ៧៥ឆ្នាំ នៅភូមិតាឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាមបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។ ស្រ្តីរូបនេះមានប្រវត្តិព្យាបាលជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ត្រីរូបនេះមានសភាពហត់ ដង្ហក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរហ័សរកកូវីដ-១៩ ជាលទ្ធផលវិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ ដោយការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យក្រុម គ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៦:០៥នាទី។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្រ្តីជនជាតិខ្មែរ ឈ្មោះ នុត ហ៊ាន អាយុ ៧៥ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយរោគវិនិច្ឆ័យ រលាកសួតធ្ងន់ធ្ងរ ដោយសារវិជ្ជមានកូវីដ-១៩ និងជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។ រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print