ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិចិនម្នាក់ បានដើរថ្មើរជើងឆ្លងផ្លូវ ខណៈពេលនោះស្រាប់តែមានរថយន្តដឹកដីខ្សាច់មួយគ្រឿង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ ទៅបុកជនរងគ្រោះបណ្តាលឲ្យបែកប្លោកនោម រួចកង់រថយន្តបានកិនចំជើងរបស់គាត់ បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធម្មនៅលើដងផ្លូវ ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ១៣និង សូន្យនាទី ថៃ្ងទី ១៩ ខែកក្កដា ឆ្នាំ ២០១៥ ស្ថិតនៅខាងមុខមន្ទីរពេទ្យទឹកថ្លា ដែលមានទីតាំងនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសជនជាតិចិនម្នាក់ មិនទាន់ត្រូវបានគេស្គាល់ពីអត្តសញ្ញាណ បានដើរថ្មើរជើងចេញពីក្នុងរោងចក្រឡាក់គីស៊ូន តាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចមុខមន្ទីរពេទ្យទឹកថ្លា ជនរងគ្រោះក៏បានដើរឆ្លងផ្លូវ ក្នុងទិសដៅពីជើងមកត្បូង ខណៈពេលនោះស្រាប់តែមានរថយន្តដឹកដីខ្សាច់ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-4926 បើកបរដោតបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន បានមកបុកជនរងគ្រោះដែលកំពុងឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យបែកប្លោកនោម បន្ទាប់មកកង់រថយន្តបានកិនចំជើងខាងស្តាំរបស់ជនរងគ្រោះ ម្ខាងខ្ទេចម៉ដ្ឋ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម្មនៅលើដងផ្លូវ ចំណែកអ្នកបើកបររថយន្តបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពីហេតុការណ៏នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរខណ្ឌសែនសុខ បានសហការជាមួយនឹងនគរបាលចរាចរក្រុង ចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ និងបាននាំយករថយន្តបង្ករខាងលើនេះ យកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីច្បាប់ ដោយឡែកសាកសពរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។
គួរបញ្ជាក់ផងដែរ រថយន្តដឹកដី ដឹកខ្សាច់ជាច្រើនគ្រឿង តែងតែធ្វើចរាចរដឹកដីចេញចូលទាំងថៃ្ង នៅក្នុងរាជធានីភ្នំពេញ យ៉ាងអាណាធិបតេយ្យ មិនតែប៉ុណ្ណោះ គឺតែងតែបង្ករជាគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមដងផ្លូវជាញឹកញាប់ទៀតផង ដូច្នេះហើយប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញបានរិះគន់ថា មកពីអាជ្ញាធរពាក់ពន្ធ័មួយចំនួន មិនបានយកចិត្តទុកដាក់ចំពោះបញ្ហារថយន្តដឹកដី ដឹកខ្សាច់ប្រភេទនេះ ទើបបណ្តោយឲ្យបើកបរចូលក្រុងទាំងថៃ្ងយ៉ាងអាណាធិបតេយ្យនិងបង្ករជាគ្រោះថ្នាក់បែបនេះ ៕