ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់ បានបើករថយន្តឡិចស៊ីស៤៧០មួយគ្រឿង ពាក់ស្លាកលេខ «ខម» បើកបរបញ្ច្រាស់ទិស ពេលប៉ូលិសចរាចរណ៍ឃាត់ ហៅមកនាំមិននិយាយរកនគរបាលមួយម៉ាត់ទេ ។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹក ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦ ត្រង់ចំណុចភ្លើងស្តុប តាមបណ្តោយផ្លូវលេខ៦៣ កែងនឹងផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
អ្នកនៅក្បែរកន្លែងកើតហេតុបានប្រាប់ថា គេបានឃើញស្ត្រីជនជាតិចិនម្នាក់ អ្នកធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវខាងលើ
ដោយបើករថយន្តស៊េរីទំនើប១គ្រឿងម៉ាកឡិចស៊ីស 470 ពណ៌ស្ករ ពាក់ស្លាកលេខ ខម 2-0337 បញ្ច្រាសទិស (ផ្លូវឯកទិស) ត្រូវបានប៉ូលិសចរាចរណ៍ឃាត់ ហៅមកសួរនាំ តែស្ត្រីជនជាតិរូបនេះ មិនខ្ចីនិយាយរកសមត្ថកិច្ចទេ បែរជាធ្វើមិនដឹងទៅវិញ។
បើតាមនគរបាលចរាចរដែលឈរគោលដៅនៅចំណុចខាងលើបានប្រាប់ឲ្យដឹងថា រថយន្តម៉ាក លុច្សស៊ីស ខាងលើបានធ្វើដំណើរពីជើងទៅត្បូង ។ លុះមកដល់ចំណុចឈរគោលដៅ ត្រូវបានហៅសួរនាំ ប៉ុន្តែស្ត្រីជនជាតិចិន ដែលជាអ្នកបើកបរនោះ មិនខ្ចីនិយាយរកសមត្ថកិច្ចទេ តែបែរទាញទូរស័ព្ទតេនិយាយទៅវិញ។ ខណៈនោះស្ត្រីជនជាតិចិនរូបនោះ ក៏បានហុចទូរស័ព្ទដៃរបស់ខ្លួន ដែលកំពុងនិយាយមកឲ្យនគរបាលនិយាយបន្ត ដោយមិនដឹងមូលហេតុអ្វី បន្ទាបពីនគរបាលចរាចរនិយាយទូរស័ព្ទរួចក៏ឲ្យរថយន្តខាងលើ បន្តធ្វើដំណើរទៅមុខទៀតដោយរលូន។
គេមិនដឹងថា ករណីបែបនេះជាការទទួលខុសត្រូវរបស់សមត្ថកិច្ចខាងណានោះទេ ។ បញ្ហាមានច្រើនដែលត្រូវចោទសួរ ។ ហេតុអ្វីជនបរទេសបើករថយន្តពាក់ស្លាកលេខ ខ.ម? ហេតុអ្វីបើកបញ្រ្ចាសទិស? មានបណ្ណបើកបរឬទេ? ហេតុអ្វីក្រោយទទួលទូរស័ព្ទនគរបាលអនុញ្ញាតឲ្យស្រ្តីជនជាតិចិនរូបនេះធ្វើទៅមុខ ទាំងដឹងថា ខុសច្រើនយ៉ាង? នេះឬការអនុវត្តច្បាប់ចរាចរណ៍នៅកម្ពុជា? ៕ ហេង នរិន្រ្ទ