ខេត្តបន្ទាយមានជ័យ ៖ បើយោងតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា , ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ជួន វិធីវិន ភេទស្រីអាយុ៤៨ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីប្រើហិង្សាក្នុងគ្រួសារ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។
លោកបញ្ជាក់ថា, ស្រ្តីជាដើមបណ្ដឹងបានរៀបរាប់ក្នុងពាក្យបណ្ដឹងថា ប្ដីរបស់គាត់ឈ្មោះ ជិម រ៉ា អាយុ៥៥ឆ្នាំ តែងតែប្រើអំពើហិង្សាមកលើរូបគាត់ជាញឹកញាប់ ជាក់ស្ដែងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ប្ដីគាត់បានប្រើហិង្សាមកលើរូបគាត់ម្ដងទៀត បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួច ហើយស្រ្តីជាដើមបណ្ដឹងបានរៀបរាប់ទៀតថា ប្ដីរបស់គាត់ឈ្មោះជិម រ៉ា ក៏ធ្លាប់ជាប់ពន្ធនាគារម្ដងហើយដែរ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀនផងដែរ ។ដោយស៊ូទ្រាំនឹងការប្រើហិង្សាមកលើរូបគាត់បន្តទៀតមិនបាន ទើបរូបគាត់មកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមផ្លូវច្បាប់តែម្ដង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា , ក្រោយពីទទួលពាក្យបណ្ដឹងរបស់ស្រ្តីរងគ្រោះខាងលើ លោកបានចាត់តាំងកម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ហើយនាំខ្លួនឈ្មោះ ជិម រ៉ា ដែលត្រូវជាប្ដីរបស់ដើមបណ្ដឹងខាងលើមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។
ជនសង្ស័យ ក្រោយពីកម្លាំងជំនាញសួរនាំរួចបានសារភាពថា រូបគេពិតជាបានប្រើប្រាស់គ្រឿងញៀន ហើយប្រើអំពើហិង្សាលើប្រពន្ធកូនពិតប្រាកដមែន ហើយរូបខ្លួនក៏ធ្លាប់ជាប់គុកម្ដងហើយដែរ។
ដោយផ្អែកលើពាក្យបណ្ដឹង និងផ្អែកការស្ដាប់ចម្លើយរបស់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយនៅរសៀលថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ៕
ដោយ, សិលា