ភ្នំពេញ៖ នាយកដ្ឋានផែនការបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យ ការអប់រំកាយ និងកីឡា” ក្រោមអធិបតីភាព លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី លោក អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងទទួលបន្ទុកអនុវិស័យ ការអប់រំកាយ និងកីឡា លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន នាយកដ្ឋានគាំទ្រ ដៃគូអភិវឌ្ឍន៍ និងមន្រ្តីជំនាញ សរុបចំនួន ៧៩ នាក់ ស្រី ១១ នាក់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងជាក់លាក់នៃអង្គសិក្ខាសាលា
១. វាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្ត២០១៩-២០២៣ រយៈពេលពីរឆ្នាំកន្លងមក
២. វាយតម្លៃអំពីប្រសិទ្ធភាព ភាពស័ក្តសិទ្ធិ និងភាពពាក់ព័ន្ធ នៃការអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់ ដើម្បីឆ្លុះបញ្ចាំងអំពីការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ
៣. កែសម្រួល អាទិភាព យុទ្ធសាស្រ្ត សូចនាករ និងចំណុចដៅ ឱ្យស្របទៅនឹងតម្រូវការអប់រំក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩
៤. ធ្វើបច្ចុប្បន្នកម្មផែនការហិរញ្ញប្បទានសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តឱ្យស្របទៅនឹងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច។
អនុសាសន៍ដឹកនាំគន្លឹះៗ របស់ លោក រដ្ឋលេខាធិការ ចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់រួមមាន៖
១. សូមពិនិត្យឡើងវិញនូវវត្ថុបំណងរបស់អនុវិស័យ ការអប់រំកាយ និងកីឡា ព្រមទាំងពិនិត្យលទ្ធភាពការបំពេញការងារតាមបែបឌីជីថល ស្របតាមបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩
២. បន្តត្រួតពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈម ក្នុងរយ:ពេល២ឆ្នាំកន្លះមក ដើម្បីកំណត់គោលបំណងចុងក្រោយសម្រាប់អនុវត្តនៅក្នុងពេល២ឆ្នាំទៀត
៣. ពង្រឹងការអនុវត្តការអប់រំកាយ និងកីឡានៅតាមឧត្តមសិក្សា និងគ្រប់កម្រិតសិក្សាដោយបង្កើនលទ្ធភាពទទួលបានពីការអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍
៤. ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ២០២៣ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន២០៣០
៥. ការអភិវឌ្ឍសមត្ថភាព សម្រាប់គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងមន្រ្តីបច្ចេកទេស គណៈគ្រប់គ្រងទទួលបន្ទុកវិស័យអប់រំកាយ និងកីឡា ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ, សិលា