ភ្នំពេញ, នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១
គណៈមេធាវី បានបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាគណៈមេធាវីទាក់ទងនឹង ការរៀបចំមហាសន្និបាតលើកទី២៦ និងការបោះឆ្នោត ជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០។
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំការងាររបស់ក្រុមប្រឹក្សា គណៈមេធាវីលើកទី១៨ ក្រុមប្រឹក្សាគណៈមេធាវីបានអនុម័តលើសេចក្តីព្រាងសេចក្ដីសម្រេច ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃមហាសន្និបាតលើកទី២៦ និងការបោះឆ្នោតជ្រើសតាំង សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ ក្នុងស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ តាមសេចក្តីព្រាងដែលស្នើឡើងដោយ លោក លី ច័ន្ទតុលា ប្រធាន គណៈមេធាវី ទាំងស្រុង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាគណៈមេធាវីបាន សម្រេចឱ្យរៀបចំធ្វើមហាសន្និបាតចំនួន ១ថ្ងៃ ដោយសហភាតាមេធាវីត្រូវមកចូលរួមក្នុង មហាសន្និបាតនិងបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីដោយផ្ទាល់។
ថ្ងៃនេះ ក្រុមប្រឹក្សាគណៈមេធាវីបានសម្រេចធ្វើការកែសម្រួលសេចក្តីសម្រេចកាល ពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ឡើងវិញ ដោយបានសម្រេចជាថ្មីថា មហាសន្និបាតលើក ទី២៦ របស់គណៈមេធាវីត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២១ ដោយសហភាតាមេធាវីទាំងអស់ត្រូវចូលរួមប្រជុំតាមប្រព័ន្ធ ZOOM Meeting ហើយការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ ត្រូវរៀបចំបោះឆ្នោតដោយផ្ទាល់ចំនួន ១ថ្ងៃកន្លះ នៅទីស្នាក់ការគណៈមេធាវី ក្នុងគោល បំណងបង្ការនិងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដល់សមាជិក-សមាជិកាគណៈមេធាវី។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសមាជិក-សមាជិកាគណៈមេធាវី មេត្តាជ្រាបជាព័ត៌មាន។
គណៈមេធាវីសូមអំពាវនាវដល់សមាជិក-សមាជិកាគណៈមេធាវី និងសាធារណជន មេត្តាបន្តគោរពនិងអនុវត្តតាមវិធានការនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក៏ដូចជា វិធានការ ៣ កុំ និង ៣ ការពារ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន៕