ភ្នំពេញ, ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានលើកឡើងថា, ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងជម្ងឺកូវីដ១៩នៅលើសកលលោក រដ្ឋាភិបាលជប៉ុនមានការរីករាយក្នុងការផ្តល់ វ៉ាក់សាំងAstraZeneca ប្រមាណមួយលានដូស ដែលបានផលិតនៅក្នុងប្រទេសជប៉ុន ឲ្យប្រទេសកម្ពុជា។ បាច់ទីមួយនេះគឺមានវ៉ាក់សាំងចំនួន ប្រមាណ៣៣ម៉ឺនដូស ដែលបានមកដល់ថ្ងៃនេះ ហើយចំនួនដែលនៅសល់ នឹងមកដល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
មុននឹងធ្វើការប្រគល់ទទួលវ៉ាក់សាំង លោកមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានប្រគល់លិខិតពី លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន។
នៅក្នុងលិខិតនេះ លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុនបានមានប្រសាសន៍ថា ខ្ញុំសង្ឃឹមថាជំនួយលើកនេះ នឹងរួមចំណែកជួយដល់វិធានការទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងជួយលើកទឹកចិត្តប្រជាជនកម្ពុជាដែលជាមិត្តដ៏សំខាន់របស់ប្រជាជនជប៉ុន៕
ដោយ, សុខ ខេមរា