ភាពកត្តញ្ញូរបស់ស្រ្តីម្នាក់ដាច់ចិត្តទៅលួចម្សៅទឹកដោះគោនៅផ្សារឡាក់គី យកឲ្យយាយមានជំងឺពិសា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ប្រភពព័ត៌មានច្បាស់ការណ៍ពីមន្ត្រីនគរបាលក្រុងតាខ្មៅម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី មានករណីអំពើលួចមួយបានកើតឡើងនៅក្នុងផ្សារឡាក់គី ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហែម ទេពតារា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្សារឡាក់គី មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ យ៉ា ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលក្នុងភូមិផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

 ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖

 ១-ម្សៅទឹកដោះគោកូនក្មេងម៉ាក ensure gold ចំនួន១កំប៉ុង (របស់ជនរងគ្រោះ) ។ 

 ២-កាបូបស្ពាយពណ៌ខ្មៅ (របស់ជនសង្ស័យ) ។ 

 ៣-លុយខ្មែរចំនួនមួយម៉ឺនរៀល (របស់ជនសង្ស័យ) ។ 

 ៤-ទូរស័ព្ទ១គ្រឿងម៉ាក samsung (របស់ជនសង្ស័យ) ។

 សមត្ថកិច្ចបានបន្តទៀតថា កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានដើរចូលក្នុងផ្សារទំនើបឡាក់គី ហើយបានបន្លំលួចម្សៅទឹកដោះគោកូនក្មេងម៉ាក ensure gold ចំនួន១កំប៉ុងយកដាក់ក្នុងកាបូបស្ពាយពណ៌ខ្មៅ ហើយចេញមកក្រៅផ្សារវិញក៏ត្រូវសន្តិសុខនិងបុគ្គលិកចាប់ខ្លួនបានតែម្តង ។ ក្រោយមកក៏ត្រូវបានសន្តិសុខផ្សារឡាក់គី និងបុគ្គលិកបញ្ជូនមកអធិការដ្ឋានដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីតែម្តង ។

តាមចម្លើយរបស់ជនសង្ស័យបានប្រាប់ថា៖ គាត់ពិតជាបានធ្វើសកម្មភាពលួចម្សៅទឹកដោះគោរបស់ផ្សារឡាក់គីបាន១កំប៉ុងប្រាកដមែន ព្រោះដើម្បីយកទៅឱ្យលោកយាយគាត់ឈ្មោះ ពិត អាយុ៦៣ឆ្នាំ មានជំងឺហូបបាយមិនកើត ហើយគាត់បានប្រាប់ទៀតថា គាត់ធ្លាប់បានធ្វើសកម្មភាពលួចម្សៅទឹកដោះគោនៅផ្សារឡាក់គីចំនួន២ដងរួចមកហើយ តែដោយសារគេអាណិតក៏បានធ្វើកិច្ចសន្យាដោះលែងទៅវិញ លុះមកលួចលើកទី៣ ក៏ត្រូវគេចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃុំខ្លូននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

 

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print