សម្តេចតេជោ ហ៊ុនសែន ៖ ស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ក៏នៅតែបន្តវិវឌ្ឍន៍យ៉ាងលឿន ជាពិសេស តាមរយៈការបម្លែងខ្លួនជាប្រភេទវីរុសកូវីដ-១៩ថ្មី

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍យ៉ាងដូច្នេះថា, ជាការពិត, ក្នុងឆ្នាំ ២០២១ នេះ ស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ក៏នៅតែបន្តវិវឌ្ឍន៍យ៉ាងលឿន ជាពិសេស តាមរយៈការបំប្លែងខ្លួនជាប្រភេទវីរុសកូវីដ-១៩ថ្មី ដែលមានសមត្ថភាពចម្លង និងបង្កគ្រោះថ្នាក់ កាចសាហាវជាងមុនច្រើនដង ដល់អាយុជីវិតមនុស្ស ។ ដោយឡែកសម្រាប់កម្ពុជា, ទោះបីជារាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងស្មារតីបុរេសកម្ម និងម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងការហូរចូល និងការផ្ទុះ ឡើងនូវព្រឹត្តិការណ៍សហគមន៍ជាបន្តបន្ទាប់ក្ដី, «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» នៅតែបន្ត រីករាលដាលក្នុងទ្រង់ទ្រាយធំ និងបានបង្កើតនូវសម្ពាធយ៉ាងធ្ងន់ធ្ងរមកលើប្រព័ន្ធសុខាភិបាលកម្ពុជា ។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា, ក្នុងបរិការណ៍នេះ, ដូចគ្នានឹងប្រទេសដទៃទៀត, រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំង ជា វិធានការយុទ្ធសាស្ត្រគន្លឹះ ដ៏មានប្រសិទ្ធភាពមួយ ដែលត្រូវអនុវត្តគួបផ្សំជាមួយនឹងវិធានការ «៣-កុំ និង ៣-ការពារ» ក្នុងការរួមចំណែកគ្រប់គ្រងមិនឱ្យមានការឆ្លងរីករាលដាល, ធានាបាននូវការវិលត្រឡប់ឱ្យបានឆាប់រហ័ស ទៅរក «ប្រក្រតីភាពថ្មី» នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ និង កិច្ចដំណើរការនៃវិស័យសង្គម-សេដ្ឋកិច្ច ។ មកទល់ពេលនេះ (គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១), រាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំងជូនប្រជាជនគ្រប់រូប ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ បានចំនួន ៦៤,៥៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់ ។ ថ្មីៗនេះ, រាជដ្ឋាភិបាលកម្ពុជាក៏បាន ដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ០៦ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ ដែលក្នុងនោះរួមមាន៖

 (១). បន្តទប់ស្កាត់ការនាំចូលនូវមេរោគកូវីដ-១៩ បំប្លែងថ្មី,

 (២). កាត់បន្ថយទំហំ តំបន់ឆ្លង និងចំនួនឆ្លងឱ្យមានកម្រិតទាប,

 (៣). បន្តខិតខំព្យាបាលអ្នកឆ្លងឱ្យបានជាសះស្បើយ និងកាត់ បន្ថយអត្រាអ្នកស្លាប់, (៤). រុករក និងគ្រប់គ្រងករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩,

 (៥). ការរៀបចំបូជាសព និងបញ្ចុះសពអ្នកស្លាប់ឱ្យបានល្អប្រសើរ 

(៦). ជំរុញយុទ្ធនាការចាក់វ៉ាក់សាំង ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print