ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចមួយស្ដីពី «ការបង្កើតអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ចំណុះឲ្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩» ។
បង្កើតអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ ជំងឺកូវីដ-១៩ (គ.អ.ក.) ដែលមានសមាសភាពប្រធាន ១រូប អនុប្រធាន ៣រូបសមាជិក ៧ រូប ។
អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ មានភារកិច្ច ដូចខាងក្រោម៖
– ដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់ដើម្បីការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
– ដាក់ចេញវិធានការចាំបាច់នានា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តវិធានការនានា ពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
– តាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានា ទាំងវិធានការសុខាភិបាល ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដែលត្រូវបានដាក់ចេញ ដើម្បីបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
– លើកសំណើវិធានការថ្មី ឬកែសម្រួលវិធានការនានា ដើម្បីឆ្លើយតបទៅនឹងការវិវត្តជាក់ស្តែងនៃ សភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជូនគណៈប្រតិបត្តិនៃ គ.អ.ក.
– ត្រួតពិនិត្យ, តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តវិធានការនានា ពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងធ្វើរបាយការណ៍ជាប្រចាំជូនគណៈប្រតិបត្តិនៃ គ.អ.ក. និង
– អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់គណៈប្រតិបត្តិនៃ គ.អ.ក.។
អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ ស្ថិតក្រោមការដឹកនាំសម្របសម្រួលរបស់ នាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន អនុប្រធានគណៈប្រតិបត្តិនៃ គ.អ.ក.។
ការរៀបចំរចនាសម្ព័ន្ធចំណុះអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ និងកិច្ចដំណើរការនៃអនុគណៈ កម្មការនេះ ត្រូវអនុវត្តស្របតាមប្រការ១៥, ប្រការ១៦, ប្រការ១៧, ប្រការ១៨ និងប្រការ១៩ នៃសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល លេខ ៦៩ សសរ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីសមាសភាព និង ការរៀបចំនិង ការប្រព្រឹត្តទៅនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ព្រមទាំងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ, សុខ ខេមរា