ភ្នំពេញ, ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ និងខ្វល់ខ្វាយជាប់ជានិច្ចអំពីសុខទុក្ខរបស់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត ក៏ដូចជាការចូលរួមចំណែកប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីត ១៩ និងជាពិសេសក្រោមព្រះរាជតម្រិៈបន្តដង្ហែតាមជានិច្ចនូវព្រះរាជលំអានដ៏ឧត្តុង្គឧត្តម នៃព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយដ៏ថ្លៃថ្លា តាមរយៈសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ព្រះស្ថាបនិកមូលនិធិ មុទិតា ប្រទានជូនដល់ កូនចៅ ចៅទួត នៅតាមបណ្តាលទីតាំងមួយចំនួនរួមមាន :
១- ព្រះរាជទានម៉ាស់ ចំនួន ១,៥០០ ម៉ាស់ និងព្រះរាជទ្រព្យ ចំនួន ៥០០ដុល្លារអាមេរិក ជូនក្រុម ទី៣០ ទី៦៦ និងក្រុមទី៦៧ នៃសម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុង ឃុំដូនស ឃុំ ពោធិរាជ និងឃុំធ្លក ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
(សម្តេចរាជបុត្រីព្រះអនុជ បានប្រទានបន្ថែមនូវម៉ាសN95 ចំនួន ៦០០ម៉ាស ម៉ាសពេទ្យចំនួន ១,០០០ម៉ាស ត្រីខ ១០យួរ មីម៉ាម៉ា និងសាប៊ូកំចាត់មេរោគ)
២-ព្រះរាជទានម៉ាស់ ចំនួន ៥,០០០ ម៉ាស់ ជូន អ្នកជំងឺកូវីដ-១៩ និងភេសជ្ជៈ ចំនួន ៤៥កេសជូនក្រុមគ្រូពេទ្យ ព្រមទាំងបុគ្គលិកទាំងអស់ នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កោះពេជ្រ ។
(សម្តេចរាជបុត្រីព្រះអនុជ បានប្រទានបន្ថែមនូវម៉ាសចំនួន ៥០០០ម៉ាស និងសាប៊ូកំចាត់មេរោគ ២៣០ដប)
៣- ព្រះរាជទានម៉ាស់ ចំនួន ៤,៣៦០ម៉ាស់ ជូនអ្នកជំងឺកូវីដ និងភេសជ្ជៈចំនួន ១៧កេស ជូនបុគ្គលិកពេទ្យ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩សែនសុខ១។
(សម្តេចរាជបុត្រីព្រះអនុជ បានប្រទានបន្ថែមនូវម៉ាសចំនួន ៩,០០០ម៉ាស)៕
ដោយ, សិលា