គិតត្រឹមម៉ោង១៩យប់ថ្ងៃទី ២៤ខែកក្កដា ក្នុងរយៈពេលពីម៉ោង ១៩ថ្ងៃទី២៣ដល់ម៉ោង១៩ថ្ងៃទី២៤ខែកក្កដា គឺក្នុងរយៈពេល២៤ម៉ោងវៀតណាមមានករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ៧.៩៦៨នាក់ ក្នុងនោះមានអ្នកមកពីក្រៅប្រទេស៣១នាក់។
ទីក្រុងហូជីមិញមានករណីឆ្លងកូវីដ -១៩ ខ្ពស់ជាងគេគឺមាន ដល់ទៅ៥.៣៩៦នាក់ ខេត្តឡុងអាង មានករណីឆ្លង៦០៤នាក់ ខេត្តប៊ិញយឿង ៧៨៥នាក់ ដុងណាយ ២២១នាក់ ទៀងយ៉ាង២២០នាក់ តីនិញ១៣២នាក់ ខិញហ្វា ១០៤នាក់។ ក្រៅពីនេះគឺមានខេត្តក្រុងជាច្រើនទៀត មានករណីឆ្លងក្រោម១០០នាក់។
* ចំណែកប្រទេសឡាវវិញនៅថ្ងៃសៅរ៍ទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន២៧៨ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីមានការរកឃើញជំងឺនេះ ជាលើកដំបូងនៅក្នុងប្រទេស។
អគ្គនាយករងនៃនាយកដ្ឋានបង្ការ និងគ្រប់គ្រងជំងឺឆ្លងចំណុះឲ្យក្រសួងសុខាភិបាលឡាវ លោកស្រី Phonepaserd Sayamoungkhoun បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នារដ្ឋធានីវៀងចន្ទន៍ថា ករណីឆ្លងជំងឺ COVID-19 ថ្មីៗខាងលើនេះ សុទ្ធសឹងតែជាករណីនាំចូលទាំងអស់ ដែលត្រូវបានរកឃើញនៅក្នុងចំណោមកម្មករចំណាកស្រុក ដែលបានវិលត្រលប់ចូលប្រទេសឡាវវិញ ក្នុងនោះរួមមាន ១៩៨ករណីត្រូវបានរកឃើញនៅក្នុងខេត្ដ Savannakhet ៥៣ករណីនៅក្នុងខេត្តចម្ប៉ាសាក់ ០៩ករណីនៅក្នុងខេត្តសារ៉ាវ៉ាន់ ០៩ករណីនៅក្នុងខេត្ត Bolikhamxay, ០៥ករណីនៅក្នុងខេត្ដខាំមួន និង ០៤ករណីទៀតនៅក្នុងរដ្ឋធានី Vientiane។មកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៤,៦២០ករណី ក្នុងនោះមានអ្នកស្លាប់០៥នាក់ ។
*ចំណែកប្រទេសថៃវិញ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,២៦០ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាអត្រាឆ្លងខ្ពស់បំផុតដដែល។ បើតាមក្រសួងសុខាភិបាលថៃ ករណីឆ្លងថ្មីៗខាងលើនេះ គឺត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅផង និងអ្នកទោសតាមពន្ធនាគារផង។ ជាមួយគ្នានេះថៃមានអ្នកជំងឺចំនួន១១៩នាក់ស្លាប់ផងដែរ ក្នុងរយៈពេល២៤ម៉ោង។ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៤៨១,៩៦៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៩៣០នាក់៕
ដោយ៖សាធី
រូបភាព៖Bangkok post