ក្រសួងសុខាភិបាល បញ្ជាក់ពី ការបង្ការបញ្ហាសុខភាពបណ្តាលមកពីចំណីអាហារ និងចំណីអាហារកកក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ !

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្តីពី ការបង្ការបញ្ហាសុខភាពបណ្តាលមកពីចំណីអាហារ និងចំណីអាហារកកក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩។

ស្ថិតនៅក្នុងដំណាក់កាលដែលមានការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូម ធ្វើការណែនាំ និងជម្រាបជូនដល់សាធារណៈជនទាំងអស់ អំពីវិធានការបង្ការ និងវិធានការជាក់ស្តែង នៃការរៀបចំ និងទុកដាក់ ចំណីអាហារ ក្នុងបរិបទជំងឺកូវីដ-១៩ ដើម្បីឱ្យបុគ្គលមានសុខភាពល្អ ជៀសផុតពីបញ្ហាសុខភាពបណ្តាលមកពីការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ការពុលអាហារ និងការពុលស្រា ។ បញ្ហាសុខភាពបណ្តាល មកពីចំណីអាហារ បង្កឡើងតាមរយៈការប៉ះ ពាល់ ការទទួលទានចំណីអាហារ ឬទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី ក្នុងនោះ ក៏អាចមានវីរុស កូវីដ-១៩ ផងដែរ។ រហូតមកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ មានការសិក្សាខ្លះបានបង្ហាញថា មានវីរុសកូវីដ-១៩ អាចនៅរស់ នៅលើអាហារកកៗដែរ បើទោះបីជាវីរុសកូវីដ-១៩ មិនអាចបង្កើតកូនចៅ ក្នុងចំណីអាហារបានក៏ដោយ ។ ក្នុងន័យនេះ ក្រសួង សុខាភិបាលសូមជម្រាបជូនថា បុគ្គលអាចមិនឆ្លងវីរុសកូវីដ-១៩ ពីចំណីអាហារ ឬពីអាហារវេចខ្ចប់ ប្រសិនបើបានអនុវត្តវិធាន ការណ៍អនាម័យចំណីអាហារ ឱ្យបានជាប់ជានិច្ច ។

អង្គការសុខភាពពិភពលោក បានកំណត់ថា ជំងឺកូវីដ-១៩ គឺជាជំងឺឆ្លងតាមផ្លូវដង្ហើម បង្កឡើងដោយវីរុសកូវីដ-១៩ ដែល ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមការដកដង្ហើមចូលនូវតំណក់ទឹកតូចៗដែលចេញពីអ្នកមានវីរុសកូវីដ-១៩ ពេលក្អក ឬកណ្តាស់ ឬខ្នាតមកប៉ះមាត់ ច្រមុះ ភ្នែក ក្នុងចំងាយតិចជាងមួយម៉ែត្រ ឬក្នុងស្ថានភាពខ្លះដោយប៉ះពាល់ជាមួយនឹងផ្ទៃ ឬវត្ថុ ដែលអ្នកមានវីរុសកូវីដ-១៩ ប៉ះពាល់ រួចយកដៃរបស់ខ្លួនមកប៉ះភ្នែក ច្រមុះ ឬមាត់ ដែលជាហេតុនាំឱ្យវីរុសកូវីដ-១៩ ចូលទៅក្នុង ខ្លួនបាន ហើយវីរុសកូវីដ-១៩ នេះ ត្រូវការជម្រកនៅលើមនុស្ស ឬសត្វ ដើម្បីបង្កើតកូនចៅ។ ម៉្យាងវិញទៀត តំណក់ទឹកតូចៗ ដែលចេញពីអ្នកមានវីរុសកូវីដ-១៩ ពេលក្អក ឬកណ្ដាស់ ដែលមានទម្ងន់ធ្ងន់ពេក មិនអាចអណ្តែតក្នុងខ្យល់បាន ដែលតំណក់ទឹក នេះ នឹងធ្លាក់ទៅលើវត្ថុ និងផ្ទៃជុំវិញអ្នកដែលមានវីរុសកូវីដ-១៩ ហើយអ្នកផ្សេងទៅប៉ះវត្ថុ និងផ្ទៃដែលប្រលាក់នោះ ឬប៉ះពាល់ ជាមួយដៃរបស់អ្នកដែលមានវីរុសកូវីដ-១៩ បន្ទាប់មកប៉ះមាត់ ច្រមុះ ឬភ្នែករបស់ពួកគេ ដែលធ្វើឱ្យមានការចម្លង។ ជាឧទាហរណ៍ វាអាចកើតឡើងនៅពេលចាប់ដៃគ្នា ឬកាន់ដៃទ្វារ ហើយបន្ទាប់មកប៉ះមាត់ ច្រមុះ ឬភ្នែក ជាដើម។

ការស្រាវជ្រាវថ្មីៗ ធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ ដែលមានសំណើម និងសីតុណ្ហភាពដែលអាចគ្រប់គ្រងបាន បានវាយ តម្លៃពីការរស់រាននៃវីរុសកូវីដ-១៩ នៅលើផ្ទៃផ្សេងៗគ្នា ហើយបានរាយការណ៍ថា វីរុសកូវីដ-១៩ អាចរស់រានរហូតដល់ ៧២ម៉ោង នៅលើប៉ាស្ទិក នៅលើដែកអ៊ីណុកស្ពាន់រហូតដល់ ៤ម៉ោង និងនៅលើក្រដាសកាតុងធ្វើកេសចំនួនប្រហែលជា ២៤ម៉ោង ។

ជាការចាំបាច់សម្រាប់ឧស្សាហកម្មម្ហូបអាហារ ក្នុងការពង្រឹងវិធានការអនាម័យផ្ទាល់ខ្លួន និងផ្តល់ការបណ្ដុះបណ្ដាល រំលឹកឡើងវិញ ពីលើគោលការណ៍រអនាម័យចំណីអាហារ ដើម្បីលុបបំបាត់ ឬកាត់បន្ថយហានិភ័យនៃផ្ទៃចំណីអាហារ និងសម្ភារៈ វេចខ្ចប់អាហារដែលអាចឆ្លងមេរោគផ្សេងៗ ជាពិសេសវីរុសកូវីដ-១៩ ពីបុគ្គលិកដែលធ្វើម្ហូបអាហារ ការប្រើប្រាស់សម្ភារៈ ការពារផ្ទាល់ខ្លួនត្រឹមត្រូវ ដូចជាម៉ាស់ និងស្រោមដៃ អាចមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការរីករាលដាលនៃវីរុស និងជំងឺនានា។

សូមអាននូវខ្លឹមសារទាំងស្រុង របស់ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្តីពី ការបង្ការបញ្ហាសុខភាពបណ្តាលមកពីចំណីអាហារ និងចំណីអាហារកកក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ដូចខាងក្រោម៕ ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print