ខេត្តបន្ទាយមានជ័យ , តាមសេចក្តីរាយការណ៍ពីខេត្តបន្ទាយមានជ័យពីសមត្ថកិច្ចបានអោយដឹងថា, មានស្ត្រីជនជាតិថៃ៣នាក់ បានកំពុងព្យាយាមឆ្លងដែនខុសច្បាប់។ ប៉ុន្តែ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកបឹងសាគូ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ និងកម្លាំងយោធាកងពលលេខ៥១ ដែកកំពុងបំពេញការងារការពារតាមបន្ទាត់ព្រំដែន បានសហការគ្នាឃាត់ខ្លួនជនជាតិថៃទាំង៣នាក់ ក្នុងបទល្មើសជាក់ស្តែង កាលពីវេលាម៉ោង៩ និង០០នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុច ក្រោយអគារប៉ារ៉ាមិក ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសួរនាំ និងពិនិត្យដោយជំនាញមន្ត្រីសុខាភិបាលផងដែរ ការពារជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ ។
នាយប៉ុស្តិ៍នគរបាលកាពារព្រំដែនបឹងសាគូ, លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ បានថ្លែងថា ,ការឃាត់ខ្លួនជនជាតិថៃទាំងបីនាក់គឺធ្វើឡើងខណៈពេលដែលពួកគេកំពុងព្យាយាមឆ្លងដែនខុសច្បាប់។ យោងការសួរនាំស្ត្រីទាំងបីនាក់បានប្រាប់ថា មានមេខ្យល់ខ្មែរ-ថៃ ជាអ្នកសម្រប សម្រួលក្នុងការរត់ផ្លូវ ពេលនេះមុខសញ្ញាមេខ្យល់បានកំពុងរត់គេចខ្លួន។
លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ បានបន្តថា, ស្ត្រីជនជាតិថៃទាំងបីរួមមាន :
1-ឈ្មោះ Suphatta Nakmanee អាយុ២៥ឆ្នាំ
2-ឈ្មោះ Wilaiwan Aphisermsakun អាយុ២២ឆ្នាំ
និង3-ឈ្មោះ Kanatsanan Promjuntuek អាយុ៣៩ឆ្នាំ។ ពួកគេទាំង៣នាក់រស់នៅខេត្តស្រះកែវ។
បច្ចុប្បន្នក្រោយសួរនាំស្ត្រីជនជាតិថៃទាំង០៣ នាក់ ត្រូវបានបញ្ជូនទៅខាងនគរបាល អន្តោ ប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធី ក៏ដូចជាអនុវត្តតាមវិធានសុខាភិបាលជាដើម ៕