ក្រុមជនជាតិភាគតិចមួយក្រុមនៅក្នុងប្រទេសមីយ៉ានម៉ាបានប្រកាសថា ចិនបានយល់ព្រមផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្រោយពេលចិនបានផ្តល់ជំនួយវ៉ាក់សាំងដល់រដ្ឋាភិបាលយោធាផងដែរ។
តំណាងក្រុមជនជាតិភាគតិច Kachin (KIA) នៅក្នុងប្រទេសមីយ៉ាន់ម៉ា លោក Col Naw Bu បានប្រកាសថា ចិនបានយល់ព្រមផ្តល់ជំនួយវ៉ាក់សាំងចំនួន១ម៉ឺនដូសដល់ក្រុមជនជាតិភាគតិចកាឈីន។ លោក Col Naw Bu បញ្ជាក់ថា
វ៉ាក់សំាងដែលចិនផ្តល់ជំនួយនឹងបញ្ជូនតាមខេត្ត Yunnan ជាខេត្តភាគខាងត្បូងប្រទេសចិនជាប់ព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា និងជិតទីតាំងធ្វើសកម្មភាពរបស់ក្រុមជនជាតិភាគតិច កាឈីន។ លោកមិនបានបញ្ជាក់ថានឹងទទួលបានវ៉ាក់សាំងប្រភេទណាពីប្រទេសចិននោះឡើយ។
លោក Col Naw Bu បន្តទៀតថា ថ្នាក់ដឹកនាំក្រុមជនជាតិភាគតិចបានពឹងប្រទេសចិនដោយផ្ទាល់ក្នុងការផ្តល់ជំនួយវ៉ាក់សាំង ប៉ុន្តែរហូតមកទល់ពេលនេះទើបទទួលបានការឆ្លើយតប។ សារព័ត៌មានAFP បានផ្សាយថា កាលពីថ្ងៃទី២២ខែកក្កដា វ៉ាក់សាំង ស៊ីណូហ្វាមចំនួន៧៣៨ពាន់ដូសជាជំនួយរបស់ចិនបានបញ្ជូនទៅដល់ប្រទេសមីយ៉ាន់ម៉ា ។ រដ្ឋាភិបាលយោធាបានប្រកាសថា ពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនចិននឹងទទួលបានការចាក់វ៉ាក់សាំង ខាងលើដើម្បីទប់ស្កាត់ការឆ្លងរាលដាល៕ ដោយ៖ធីរីណា
ប្រទេសចិនផ្តល់វ៉ាក់សាំង Covid-19 សង្គ្រោះបន្ទាន់ដល់ប្រទេសមីយ៉ាន់ម៉ា។ រូបភាព៖ Chinanews