ខេត្តសៀមរាប៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបុគ្គើពីរនាក់ ដែលបំពានហ៊ានបើកកន្លែងផឹកស៊ីប្រឆាំងការទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ជនត្រូវចោទដែលត្រូវចៅក្រមស៊ើបសួរបង្គាប់ឱ្យឃុំខ្លួនទាំង០២រូប រួមមាន៖
១៖ ឈ្មោះ អាន សត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរថៅកែហាងហេងហេងបាខែង២។
២៖ ឈ្មោះ សាយ ឡាស្កាហ៍ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរ មេការហាងហេងហេងបាខែង២។
ជនទាំង២ត្រូវបានកម្លាំង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ពីបទចោទបើកកន្លែងផឹកស៊ី នៅចំណុចហាងហេងហេងបាខែង២ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បន្ទាប់ពីនៅថ្ងៃទី២៤ ខែកក្កដា សាលាដំបូងខេត្តសៀមរាប ក៏បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនមនុស្ស៤នាក់ផងដែរ ពាក់ព័ន្ធនឹងការបើកកន្លែងផឹកស៊ីបំពានវិធានការរបស់រដ្ឋបាលខេត្តនេះ ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបបានដាក់ចេញវិធានការរដ្ឋបាលនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩។ ក្នុងនោះ មានការបិទជាបណ្តោះអាសន្ននូវ ការជួបជុំប្រមូលផ្តុំគ្នា ពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ និងមណ្ឌលកម្សាន្តមនុស្សពេញវ័យជាដើម។ បុគ្គលទាំងឡាយណាដែលល្មើសនឹងវិធានការទប់ស្កាត់ ជំងឺកូវីដ-19 នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត៕
តុលាការសម្រេចឃុំខ្លួនជនត្រូវចោទ ២នាក់ ពីបទមិនគោរពវិធានការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅសៀមរាប
...