ភ្នំពេញ: នារីម្នាក់មិនដឹងជានាង មានវិបត្តិអ្វីនោះទេ បានហៅម៉ូតូកង់បីឥណ្ឌា ជិះចេញពីម្តុំសួនច្បារសណ្ឋាគារសុខា មកដល់ពាក់កណ្តាលស្ពាន ជ្រោយចង្វាថ្មី ឲ្យកង់បីឈប់និងមានអាការប្លែក សង្ស័យប៉ុនប៉ងមកលោតទឹកសម្លាប់ខ្លួន តែអ្នកបើកម៉ូតូកង់បីមិនព្រមឈប់ បានបើកចុះត្រឡប់ មកក្រោមវិញ ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលម៉ោង០៩យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពពត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញយុវនារីម្នាក់បានហៅម៉ូតូឡាំប្រឺតាជិះធ្វើដំណើរចេញពីម្តុំ សួនច្បារសណ្ឋាគារសុខា សំដៅទៅឡើងស្ពានជ្រោយចង្វាថ្មី ។ ពេលអ្នកបើកបរម៉ូតូមកដល់ ពាក់កណ្ដាលស្ពានជ្រោយចង្វាថ្មី ស្រាប់តែនារីរូបនោះ បានឲ្យអ្នកបើកម៉ូតូឡាំប្រឺតាឈប់ ហើយនាងមានអាការប្លែក ធ្វើឲ្យម្ចាស់ម៉ូតូមានការសង្ស័យ ខ្លាចនាងប៉ុនប៉ង មកលោតទឹកសម្លាប់ខ្លួន គាត់ក៏មិនហ៊ានឈប់នោះទេ បានបន្ថែមល្បឿនយ៉ាងលឿន បត់ត្រឡប់ក្រោយចុះមកក្រោមវិញ ដើម្បីមករកសមត្ថកិច្ច ដែលប្រចាំការនៅគោលដៅ គល់ស្ពានជ្រោយចង្វា ត្រង់ចំណុចរង្វងល់មូលព្រហ្មមុខបួន ឲ្យជួយអន្តរាគមន៍ ។
លុះពេលអ្នកបើកបរម៉ូតូឡាំប្រឺតា បានធ្វើដំណើរមកដល់ចំណុចគល់ស្ពានជ្រោយចង្វា ត្រង់រង្វង់មូលព្រហ្មមុខបួន នារីនោះក៏ចុះពីលើម៉ូតូ ដើរសំដៅឡើងទៅលើស្ពានវិញ ហើយសមត្ថកិច្ចបានដើរតាមនាងពីក្រោយ និងព្យាយាមឃាត់នាង ។ បន្ទាប់ពីកើតហេតុមិត្តភក្ដិនារីដែលប៉ងលោតទឹកសម្លាប់ បានចុះមកដល់កន្លែងកើតហេតុ ហើយបានឃាត់ចាប់នាង ដឹកតាមម៉ូតូឡាំប្រឺតានាំយកត្រឡប់ទៅផ្ទះវិញ ៕
ដោយ៖ ជ្រោយពេជ្រ