រដ្ឋបាលរាជធានីភ្នំពេញ ៖ ការស្តារប្រឡាយបឹងទំពុនបានបញ្ចប់ ១០០ភាគរយហើយជាមួយនឹងការស្ដារ សំរាមនិងស្មៅបណ្តែតទឹកជាង២៥០០ ឡាន

ចែករំលែក៖

ភ្នំពេញ៖ ការស្តារប្រឡាយបឹងទំពុនដែលមានប្រវែងជិត៤គីឡូម៉ែត្រដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងខណ្ឌចំនួន៥នៃរាជធានីភ្នំពេញ ពេលនេះបានឈានមកដល់ទីបញ្ចប់១០០ភាគរយហើយ ក្រោយពីក្រុមការងារបានធ្វើសកម្មភាពស្តារអស់រយៈពេល៤ខែរួចមក ដោយស្តារសំរាមនិងស្មៅបណ្តែតទឹកបានជាង២៥០០ឡានស្មើនឹងជាង១ម៉ឺន២ពាន់ម៉ែត្រគូប។
លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ថា ដោយមានការយកចិត្តទុកដាក់និងការចង្អុលណែនាំពីលោក ឃួង​ ស្រេង​ ជាអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយការស្តារប្រព័ន្ធបង្ហូរទឹក​ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយចម្រោះទឹកកខ្វក់ បានធ្វើសកម្មភាពស្តារប្រឡាយបឹងទំពុន បញ្ចប់១០០ភាគរយហើយ ក្រោយពីបានធ្វើសកម្មភាពស្តារអស់រយៈពេល៤ខែ ដេីម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ។
លោក ដួង ចាន់សារ៉ាត់ បានបន្តទៀតថា ប្រឡាយបឹងទំពុនមានប្រវែង៣.៧១០ម៉ែត្រទទឹង៣០ម៉ែត្រ ពីប្រឡាយស្ទឹងមានជ័យដល់ស្ថានីយបឹងទំពុនផ្លូវលេខ៣៧១ ។ ដោយចាប់ផ្តើមស្តារកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ហើយបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី២៣ ខែកក្កដា ដោយស្តារសំរាមនិងស្មៅបណ្តែតទឹក បាន២៥១០ឡានស្មើ១២០៥០ម៉ែត្រគូប។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោកនិង១ផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។
លោកដួង ចាន់សារ៉ាត់ បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំឱ្យបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print