រថយន្តស៊េរីទំនើបបើកមិនគោរពភ្លើងស្តុបជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្តាលឱ្យស្ត្រីម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងមិនគោរពភ្លើងស្តុបហើយប្រើល្បឿនលឿនបានជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលកំពុងឆ្លងផ្លូវយ៉ាង ពេញទំហឹងបណ្តាលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០១ ស្ថិតនៅតាមបណ្តោយមហាវិថី ព្រះនរោត្តម កែងផ្លូវលេខ២៤០ ត្រង់ចំណុចភ្លើងស្តុប វិមានឯករាជ្យ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញប្តីប្រពន្ធ២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ជិះតាមបណ្តោយផ្លូវលេខ២៤០ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចភ្លើងស្តុបវិមានឯករាជ្យ ដែលជាកន្លែងកើតហេតុ ដោយភ្លើងស្តុបបានបង្ហាញពណ៌ខៀវហើយនោះ គាត់ក៏បានបន្តដំណើរឆ្លងផ្លូវ ប៉ុន្តែពេលកំពុងឆ្លងផ្លូវនោះ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក អូឌី ឃ្យូសឺវែន (AUDi Q7 ) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AI-6888 បើកបរតាមបណ្តោយមហាវិថីព្រះនរោត្តមក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន មិនគោរពភ្លើងស្តុប បានជ្រុលទៅបុកម៉ូតូខាងលើពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ ចំណែកម៉ូតូនិងរថយន្តបង្ករងការខូចខាតបន្តិចបន្តួច។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុ ប៉ុន្តែម្ចាស់រថយន្តបង្កបានសងសំណងទឹកប្រាក់ចំនួន១០០$ឱ្យម្ចាស់ម៉ូតូដើម្បីបញ្ចប់រឿងតែម្តង៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print