ភ្នំពេញ÷នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ គណៈកម្មការទី៨នៃរដ្ឋសភា បានកោះអញ្ជើញរដ្ឋមន្រ្តីក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាតំណាងរាជរដ្ឋាភិបាលចូលបំភ្លឺ និងបកស្រាយសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម មាត្រា ១២៣ មាត្រា ១៣៨ មាត្រា ១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ ស្តីពីការងារ។
សេចក្តីព្រាងច្បាប់ដែលត្រូវបានដាក់ជូនមករដ្ឋសភា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ និងត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រេចប្រគល់ជូនគណៈកម្មការទី៨ធ្វើការសិក្សា។
ក្រោយពីបានស្តាប់នូវការបកស្រាយ និងសាកសួរលម្អិតនូវខ្លឹមសារបទបញ្ញត្តិនិមួយៗ គណៈកម្មការបានឯកភាព និងគាំទ្រលើសេចក្តីព្រាងច្បាប់នេះ នឹងត្រៀមបញ្ជូនទៅគណៈកម្មាធិការអចិន្រ្តៃយ៍វិញដើម្បីដាក់ឆ្លងសភាពេញអង្គនាពេលខាងមុខដ៏ខ្លី។
សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មនេះ នឹងនាំមកនូវការជំរុញភាពប្រកួតប្រជែងរបស់កម្ពុជាបន្ថែមសម្រាប់ទីផ្សារការងារក្នុងតំបន់ និងក៏ដូចជាសម្រួលដល់នីតិវិធីដោះស្រាយវិវាទការងារសម្រាប់កម្មករនិយោជិត ក៏ដូចជានិយោជកផងដែរ។
ដោយឡែកសេចក្តីព្រាងច្បាប់នេះ ក៏ត្រូវបានឆ្លងកាត់ការពិភាក្សា និងសិក្សាយ៉ាងល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រុមការងារបច្ចេកទេសនៃអង្គការអន្តរជាតិផ្នែកការងារ តំណាងសហជីព តំណាងនិយោជក និងអង្គការសង្គមស៊ីវិលដៃគូអភិវឌ្ឍជាច្រើនសារផងដែរ មុននឹងត្រូវដាក់ឆ្លងដោយគណៈរដ្ឋមន្រ្តី៕
ដោយ៖ សូរិយា