ខេត្តតាកែវ៖ ពលរដ្ឋម្នាក់បាន ចុះដកព្រលិត យកមកបរិភោគ ស្រាប់តែជាន់ប៉ះចំកាំភ្លើង(អាកា)១ដើម ផលិតនៅប្រទេសចិន ក៏បានរាយការណ៍ជូនសមត្ថកិច្ចស្រុកអង្គរបុរី ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងស្រះទឹក ភូមិទួលសាំង(ខ) ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ។
បើយោងតាមសម្ដីសមត្ថកិច្ចនគរបាលស្រុកអង្គរបុរីបានអោយដឹងថា មុនពេលកើតហេតុ ពលរដ្ឋម្នាក់រស់នៅភូមិ ឃុំកើតហេតុ បានចុះទៅដកព្រលិតដើម្បីយកមកស្លរទទួលទាន នៅពេលកំពុងដកព្រលិត ក៏ស្រាប់តែជាន់ចំកាំភ្លើង ដោយមានការសង្ស័យ ពលរដ្ឋរូបនោះ បានមុជរាវយកមក ក៏ស្រាប់តែជាកាំភ្លើង(អាកា)ទៅវិញ ។
ប្រភពបន្ដទៀតថា ដោយដឹងថា ជាកាំភ្លើងពលរដ្ឋក៏បានរាយការណ៍ជូនសមត្ថកិច្ច ប៉ុស្ដិ៍រដ្ឋបាលឃុំអង្គរបុរី ចុះទៅត្រួតពិនិត្យ ។ ក្រោយកំលាំងសមត្ថកិច្ចចុះទៅដល់បានត្រួតពិនិត្យលើកាំភ្លើង ក៏បានស្គាល់ថា កាំភ្លើងនេះ ជាកាំភ្លើងអាកា ដែលផលិតនៅប្រទេសចិន ។ ក្រៅពីកាំភ្លើងអាកា១ដើម ក៏នៅមានបង់ដាក់គ្រប់ចំនួនពីរបង់ និងគ្រាប់កាំភ្លើងចំនួន៥២គ្រាប់ ។
ក្រោយពេលត្រួតពិនិត្យរួចរាល់ ហើយកម្លាំងជំនាញ នគរបាលស្រុកអង្គរបុរី ក៏បានរាយការណ៍ជូនស្នងការខេត្តតាកែវអោយចុះត្រួតពិនិត្យបន្ថែមទៀត និងស្រាវជ្រាវរកប្រភពថាកាំភ្លើងនេះបណ្ដាលមកពីមូលហេតុអ្វីបានជាមកត្រាំទឹកនៅក្នុងស្រះខាង លើ ៕
ដោយ៖ ជីសូរកា