ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ យើងសូមអបអរសាទរខេត្តស្វាយរៀងដែលមិនមានអ្នកស្លាប់ទេ ប៉ុន្តែបានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៦០នាក់ ស្រី៣៤នាក់, ជាសះស្បើយ៥៥នាក់ស្រី២៤នាក់ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។
ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះរដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៤.៦៣៨នាក់ ស្រី២៥៧៨នាក់, ជាសះស្បើយចំនួន៣.៧៧៧នាក់ ស្រី២.១០២នាក់, កំពុងសម្រាកព្យាបាល ចំនួន៧៤៥នាក់ស្រី៣៩០នាក់ និងស្លាប់ចំនួន៧៨នាក់ស្រី៥១នាក់។
រដ្ឋបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕
ដោយ ៖ យឹម សុថាន