ខេត្តកំពង់ឆ្នាំង៖ កម្លាំងនគរបាលស្រុករលាប្អៀរ និងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានសហការគ្នាតាមចាប់ខ្លួនបុរសម្នាក់ដែលប៉ុនប៉ងចាប់រំលោភក្មេងស្រីទៅតាមបណ្តឹងរបស់ក្រុមគ្រួសាររងគ្រោះ ។ ការចាប់ខ្លួននេះគឺធ្វើឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នៅផ្ទះរបស់ជនសង្ស័យ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននេះមានឈ្មោះ សៀក សុខា អាយុ២៤ឆ្នាំមានទីលំនៅ ក្នុងភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ នៅក្បែផ្ទះក្មេងស្រីរងគ្រោះ ។
ក្រុមគ្រួសារក្មេងស្រីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ក្មេងស្រីរងគ្រោះ បានទៅមើលសត្វឆ្កែដែលឈឺនៅមាត់ទន្លេពេលនោះប្រទះឃើញជសង្ស័យ សៀក សុខា ។ ពេលដែលឃើញមានសភាពស្ងាត់ដូចនេះ ជនសង្ស័យបានប្រើល្បិចឲ្យក្មេងស្រីរងគ្រោះត្រកងសត្វឆ្កែ រួចក៍លូកដៃទៅសម្រាតសំពត់ក្មេងស្រីរងគ្រោះ និងបានបៀតបៀនកេរ្តិ៍ក្មេងស្រីរងគ្រោះ ឃើញដូចនេះក្មេងស្រីរងគ្រោះភ័យស្លន់ស្លោហើយបានរត់ភ្លាមៗទៅប្រាប់ម្តាយនិងឪពុករបស់ខ្លួន ។ ក្នុងពេលដែលក្មេងស្រីរត់ទៅជនសង្ស័យក៍បានគេចខ្លួនភ្លាមផងដែរ ហើយក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍មូលដ្ឋាន ។ ប៉ុន្តែដោយសារជនសង្ស័យគេចខ្លួនរត់ទៅព្រំប្រទល់ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំងមិនអាចចាប់ខ្លួនបាន រហូតដល់រសៀលថ្ងៃទី២២ មីនា ជនសង្ស័យបានត្រឡប់មកវិញ ក៏ត្រូវសមត្ថកិច្ចតាមចាប់ភ្លាមតែម្តង ដោយចោទប្រកាន់ពីបទប៉ុនប៉ងរំលោភទៅលើក្មេងស្រីអនីតិជន ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពនេះ ពិតប្រាកដមែន ។ ក្រោយពីធ្វើការសាកសួរចប់នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕
ដោយ៖ ចន្ថា