ស្ត្រីអាហ្វហ្គានីស្ថានព្រួយបារម្ភខ្លាចប្រទេសវិលត្រឡប់ទៅកាន់«ដំណាក់កាលខ្មៅងងឹត»ក្រោមការគ្រប់គ្រងរបស់តាលីបង់

ចែករំលែក៖

ក្នុងពេលដែលក្រុមតាលីបង់ ដណើ្តមបានសិទ្ធិគ្រប់គ្រងតំបន់ជាច្រើនក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបង្កក្តីបារម្ភភ័យខ្លាចកាន់តែខ្លាំងដល់ស្ត្រីនៅក្នុងប្រទេសនេះ ដែលអាចធ្លាក់នៅក្នុងស្ថានភាពអាក្រក់ ខ្មៅងងឹតដូចកាលពីដើមមុនពេលអាមេរិកវាយប្រហារ។
ក្រុមទាហានតាលីបង់បានបើកការវាយប្រហារដណ្តើមទីតាំងគ្រប់គ្រងទឹកដីជាច្រើន ក្រោយពេលអាមេរិកនិងណាតូប្រកាសដកទាហានចេញពីប្រទេសនេះ។ ក្រុមតាលីបង់បានវាយប្រហារចូលដល់ជិតទីតាំងគ្រប់គ្រងរបស់កម្លាំងទាហានរដ្ឋាភិបាល ដូចជាតំបន់ Badakhshan និង Kandahar ។ ពលរដ្ឋអាហ្វហ្គានីស្ថាននិងសហគមន៍អន្តរជាតិបានបង្ហាញក្តីបារម្ភខ្លាចក្រុមតាលីបង់គ្រប់គ្រងទាំងស្រុងប្រទេសនេះ ។
សារព័ត៌មាន Asia Times បានដកស្រង់របាយការណ៍របស់ ក្រុមសកម្មជនអង្គការក្រៅរដ្ឋាភិបាលដែលបានឱ្យដឹងថា ស្ត្រីអាហ្វហ្គានីស្ថានជាច្រើនឆ្នាំកន្លងមក ទទួលបានសិទ្ធិសេរីភាព ដោយទទួលបានការការពារពីសហគមន៍អន្តរជាតិ ។ ទាំងនោះហើយប្រសិនបើក្រុមតាលីបង់គ្រប់គ្រងវិញនោះ ស្ត្រីនៅក្នុងប្រទេសនេះនឹងធ្លាក់មកដល់ដំណាក់កាលខ្មៅងងឹតជាថ្មីឡើងវិញ ។
ក្រុមតាលីបង់ដឹកនាំប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងឆ្នាំ ១៩៩៦-២០០១។ ក្នុងដំណាក់កាលនោះ ពលរដ្ឋត្រូវតែគោរពទៅតាមច្បាប់សាសនាអុីស្លាមយ៉ាងតឹងតែងបំផុត ពិសេសគឺស្ត្រី។ ស្ត្រីមិនអាចចេញពីផ្ទះបានឡើយប្រសិនបើមិនមានបុរសទៅជាមួយ ហើយត្រូវតែស្លៀកពាក់ជិតរាងកាយ ពីក្បាលដល់ចុងជើងនូវឈុតសម្លៀកបំពាក់ Burqa ។ ស្ត្រីមិនអនុញ្ញាតឲ្យទៅមណ្ឌលសុខភាព ទៅសាលារៀន ឬទៅធ្វើការនោះឡើយ។ នៅឆ្នាំ២០០១ អាមេរិកបានបញ្ជូនទាហានទៅវាយប្រហារ ផ្តួលរំលំរបបនេះនៅឆ្នាំ២០០១ ដោយបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យនៅទីនោះ ។ ជាមួយគ្នានោះស្ត្រីអាហ្វហ្គានីស្ថាន ទទួលបានសិទ្ធិជាច្រើនដែលមិនធ្លាប់មានពីមុនមក ស្ត្រីអាចចូលរួមនៅក្នុងវិស័យច្បាប់ នយោបាយ … ។ ទាំងនោះហើយបានបង្កឲ្យស្ត្រីអាហ្វហ្គានីស្ថានកាន់តែបារម្ភខ្លាចវិលត្រឡប់ទៅកាន់សភាពដើមនៃការគ្រប់គ្រងរបស់តាលីបង់៕ ដោយ៖ធីរីណា


រូបភាព៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print