ខេត្តបន្ទាយមានជ័យ៖ សិស្សរៀននៅអនុវិទ្យាល័យទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចំនួន៣៥៥ នាក់ទទួលបានការផ្សព្វផ្សាយអប់រំស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកពីសំណាក់នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់ស្រទាប់សិស្សនៅពេលនេះគេមើលឃើញថា ដើម្បីឱ្យសិស្សានុសិស្សបានយល់ដឹងកាន់តែស៊ីជម្រៅពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដើម្បីឱ្យសិស្សានុសិស្សចូលរួមគោរច្បាប់ចរាចរណ៍ផ្លូវគោករួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គ្រាដែលអត្រាគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថា នៅតែបន្តកើតឡើងបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាបន្តបន្ទាប់គួរឱ្យបារម្មណ៍នៅឡើយនោះ។ ពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនោះដែរខណៈដែលនគរបាលចរាចរកំពុងតែមានវិធានការរិតបន្តឹងនិងអនុវត្តច្បាប់ចរាចរណ៍យ៉ាងតឹងរឹងចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទឱ្យចូលរួមគោរពច្បាប់ចរាចរណ៍និងធ្វើការផាកពិន័យអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោកជាដើមនោះ។
ពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅសាលាអនុវិទ្យាល័យទឹកថ្លា ប្រព្រឹត្តទៅក្រោមវត្តមានលោកវរសេនីយ៍ត្រី សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ខេត្តបានលើកឡើងថា ដោយពិនិត្យឃើញក្នុងស្រទាប់សិស្សានុសិស្សខ្វះការយល់ដឹងពីច្បាប់ចរាចរ ណ៍ផ្លូវគោកហើយមិនតែប៉ុណ្ណោះក្នុងមួយរយៈកន្លងមកនេះមានសិស្សមួយចំនួនបានគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់បណ្តាលឱ្យស្លាប់និងរងបួសគួរឱ្យកត់សំគាល់។ អត្រាគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នត្រូវគេមើលឃើញថាបានកើតឡើងគ្រោះថ្នាក់ជាញឹកញាប់ទៅលើយុវជនមានអត្រាខ្ពស់។ បញ្ហានោះគឺជាផ្នែកមួយធ្វើឱ្យប៉ះពាល់ទៅលើវិស័យធនធានមនុស្សនៅកម្ពុជាផងដែរ។ សំដែងនូវការព្រួយបារម្មណ៍បញ្ហានេះលោកឧត្តម សេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានដាក់ផែនការដល់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តត្រូវចុះទៅផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោកជូន ដល់សិស្សនិងនិស្សិតនៅគ្រប់គ្រឺះស្ថានសិក្សាក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឱ្យសិស្សនិស្សិតចេះច្បាប់ចរាចរណ៍ហើយនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ក្នុងការបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដោយប្រការផ្សេងៗ។
ការផ្សព្វផ្សផ្សាយច្បាប់ចរាចរណ៍នៅពេលនោះ លោកនាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកវរសេនីយ៍ត្រី សួន នីប៉ូ ក៏បានធ្វើការបង្រៀននូវខ្លឹមសាររួមមាន ១,អត្ថប្រយោជន៍ពាក់មួកសុវត្ថិភាព និងម៉ូតូដាក់កញ្ចក់មើលក្រោយ ២,បញ្ហាល្បឿន ៣, របៀបបើកឡើងជែង ៤,ប្តូរគន្លងបត់ឆ្វេង ៥,សិទ្ធិអាទិភាពនៅពេលបើកបរ ៦,បញ្ហាជាតិ អាកុល និង៧, បង្រៀនឱ្យចេះមើលស្លាកសញ្ញាចរាចរណ៍។ អត្រាគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាញឹកញាប់ភាគច្រើនផ្តើមចេញការបើកបរល្បឿនលឿន,បើកបរក្រោមឥទ្ធិពលជាតិស្រវឹង និងបើកបរមិនគោរពសិទ្ធិអាទិភាព។
ចុងបញ្ចប់ក៏មានការសួរសំណួរនិងឆ្លើយស្តីច្បាប់ចរាចរណ៍ជូនដល់សិស្សហើយក៏បានផ្តល់ជូនសិស្សឆ្នើមឆ្លើយសំណួរបានត្រឹមត្រូវចំនួន១០នាក់ក្នុងម្នាក់ៗទទួលបានមួកសុវត្ថិភាព១ ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ៕
ដោយ៖ សំ វិច្ឆិកា