ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមហាជនជាច្រើនសាទរចំពោះចំណាត់ការរបស់អាជ្ញាធរដែលរៀបចំយឿត្រី និងផ្លូវនៅផ្សារព្រែកព្នៅបានល្អ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមហាជនជាច្រើនដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវលេខ១៥១ត្រង់ចំណុចផ្សារព្រែកព្នៅ និងកន្លែងយឿត្រីតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពោធិ៍មង្គល តែងតែលើកសរសើរអាជ្ញាធរខណ្ឌព្រែកព្នៅមិនដាច់ពីមាត់ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរាបរយនៅកន្លែងទីតាំងទាំង២នេះបានល្អ ព្រោះជាច្រើនឆ្នាំមកហើយតាំងពីនៅក្នុងដែនសមត្ថកិច្ចអាជ្ញាធរខេត្តកណ្តាលមកគ្មានថ្នាក់ដឹកនាំណាអាចរៀបចំបានល្អស្អាត និងមានរបៀបរៀបរយបែបនេះទេ។
បើតាមសម្តីរបស់លោករឿន ចំរុង ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ១៥១ក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ បានលើកឡើងថា ទាំងខ្ញុំនិងប្រជាពលរដ្ឋដែលស្ថិតក្នុងសង្កាត់ព្រែកព្នៅមានការត្រេកអរជាខ្លាំង ដែលអាជ្ញាធរខណ្ឌព្រែកព្នៅ បានរៀបចំសណ្តាប់ធ្នាប់នៅផ្លូវលេខ១៥១ត្រង់ចំណុចផ្សារព្រែកព្នៅនេះបានស្អាត និងមានសណ្តាប់ធ្នាប់ល្អ ដោយអ្នកលក់លែងដាក់ទំនិញលក់លើផ្លូវបង្កភាពរញ៉េរញ៉ៃទៀតហើយ ហើយការធ្វើចរាចរណ៍ឆ្លងកាត់ទៅមកក៏បានល្អដែរ មិនស្ទះដូចកាលពីមុននោះឡើយ។ លោកបន្តថា ទីតាំងផ្លូវលេខ១៥១ត្រង់ចំណុចផ្សារព្រែកព្នៅនេះ កាលពីមុនអ្នកលក់បានដាក់កញ្ច្រែងបន្លែ ផ្លែឈើលក់លើផ្លូវនិងមានភាពរញេរញ៉ៃគ្មានសណ្តាប់ធ្នាប់នោះទេ ចំណែកចរាចរណ៍ឆ្លងកាត់ទៅមកបើព្រឹកឡើងវិញស្ទះគ្មាននរណាចង់ឆ្លងកាត់តាមផ្លូវនេះឡើយ។ តែមកដល់បច្ចប្បន្ននេះអាជ្ញាធរបានរៀបចំសណ្តាប់ធ្នាប់បានល្អ អ្នកលក់លែងលក់លើផ្លូវនិងលែងបង្កភាពរញ៉េរញ៉ៃ ហើយចរាចរណ៍ឆ្លងកាត់ទៅមកបានល្អ មិនស្ទះដូចកាលពីមុនទៀតនោះទេ។
ចំណែកលោកនួន សុខនីន ប្រជាពលរដ្ឋរស់នៅសង្កាត់សំរោង មានមុខរបរដឹកផ្កាឈូកលក់បានលើកឡើងថា កន្លងមកយឿត្រីនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពោធិ៍មង្គលបានបង្កភាពរញ៉េរញ៉ៃជាខ្លាំង និងស្ទះចរាចរណ៍ដោយសារការដាក់លក់ត្រី និងផ្ទេរត្រីចេញពីរថយន្តធំៗ តាំងពីពាក់កណ្តាលយប់រហូតដល់ភ្លឺ ដែលបង្កឲ្យមានសំរាមគរចោលអារាត់អារាយពេញផ្លូវ ហើយការរៀបចំរបស់អាជ្ញាធរដូចវែកចកអ៊ីចឹង។
លោកបន្តថា ការរៀបចំរបស់អាជ្ញាធរទាំងយប់ទាំងថ្ងៃ ឃើញថាបានផលល្អដោយមួយរយៈចុងក្រោយនេះ គឺនៅត្រង់ចំណុចយឿត្រីភូមិពោធិ៍មង្គលនេះ អ្នកដំណើរឆ្លងកាត់លែងរអ៊ូរទាំពីការស្ទះចរាចរណ៍និងលែងមានសំរាមបោះចោល ព្រមទាំងក្លិនត្រីឆ្អេះឆ្អាបដូចមុនទៀតហើយ។ មហាជនជាច្រើនក៏ដូចជារូបលោកមានការត្រេកអរ និងអរគុណដល់លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដែលមានស្នាដៃខ្លាំងណាស់បានរៀបចំសន្តិសុខសណ្តាប់ធ្នាប់នៅកន្លែងនេះបានល្អស្អាតបែបនេះ។
បន្ទាប់ពីមានការសាទរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមហាជនឆ្លងកាត់ផ្លូវលេខ១៥១ត្រង់ចំណុចផ្សារព្រែកព្នៅ និងកន្លែងយឿត្រីតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិពោធិ៍មង្គលថាបានល្អស្អាតនោះ លោកសុខ សម្បត្តិ បានមានប្រសាសន៍ថា ក្នុងការរៀបចំកន្លងមក អាជ្ញាធរបានសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមសហការទាំងអស់គ្នាដើម្បីធ្វើយ៉ាងណាបង្កើនសោភណភាព ក៏ដូចជាការជួយសម្រួលការកកស្ទះចរាចរណ៍ ដែលបណ្ដាលមកពីការលក់ដូរបង្កភាពរញ៉េរញ៉ៃ និងចតរថយន្ដគ្មានសណ្ដាប់ធ្នាប់នោះ។ ជាងនេះទៅទៀតវាងាយស្រួលដល់សមត្ថកិច្ចគ្រប់គ្រងបញ្ហា សន្ដិសុខនិងទប់ស្កាត់បទល្មើសផ្សេងៗ ផងដែរ ហើយមកដល់ពេលនេះយើងរៀបចំបានល្អប្រមាណជាងប៉ែតសិបភាគរយហើយ។
លោកបញ្ជាក់ថា ក្នុងការរៀបចំនាពេលបច្ចប្បន្ននេះគឺកម្លាំងសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅនៅតែធ្វើរាល់ថ្ងៃ គឺយើងធ្វើដូចភ្លៀងរលឹម ហើយក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ យើងចាប់បង្ខំតែម្តងមិនឲ្យលក់ដូររំលោភលើផ្លូវបង្កភាពអនាធិបតេយ្យទៀតឡើយ។ ការធ្វើបែបនេះគឺដោយសារយើងព្រួយបារម្ភពីអាយុជីវីតរបស់ប្រជាពលរដ្ឋ ដែលលក់ដូរបង្កភាពរញ៉េរញ៉ៃ មានហានិភ័យខ្ពស់ណាស់ក្នុងការឆ្លងជំងឺកូវីដ-១៩នោះ៕

...

ដោយ ៖ ព្រែកសំរោង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print