ខេត្តកំពង់ចាម÷នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារខេត្ត, អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់ធ្វើជាកន្លែងសម្រាកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ក្នុងក្របខណ្ឌខេត្ត ចំនួន២ កន្លែងផ្សេងទៀត ដោយ ១កន្លែងស្ថិតនៅក្នុងបរិវេណមន្ទីរពាណិជ្ជកម្មខេត្ត ដែលមានឃ្លាំងជាច្រើនអាគារបានទុកចោលមិនដំណើរការ ក្រោមការគ្រប់គ្រងរបស់មន្ទីរពាណិជ្ជកម្ម និង ១កន្លែងទៀត ស្ថិតនៅក្នុងបរិវេណ មជ្ឈមណ្ឌលពាណិជ្ជកម្ម ហ្គ្រីនត្រេដ ដែលមានមានអាគារមួយចំនួនបានទុកចោលមិនដំណើរការដូចគ្នា ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ស្ថិតនៅក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
នៅក្នុងដំណើរអញ្ជើញចុះពិនិត្យ និងសិក្សាលម្អិតខាងលើលោកអ៊ុន ចាន់ដា បានសម្រេចយកទីតាំងទាំងពីរខាងលើមកធ្វើការរៀបចំឲ្យទៅជាកន្លែងសម្រាក ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ជំនួយវិទ្យាល័យព្រះសីហនុ ដែលនឹងដាក់ឱ្យដំណើរការបង្រៀន និងរៀនសូត្រឡើងវិញនាពេលខាងមុខ។
បន្ទាប់មកលោកអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលការពង្រីកទីតាំងសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកកងមាស មួយកន្លែងទៀត និងបន្តចុះសួរសុខទុក្ខ ក្រុមការងារដែលកំពុងប្រចាំការ នៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត នាសាលាគរុកោសល្យភូមិភាគកំពង់ចាម៕
ដោយ៖ សូរិយា