ភ្នំពេញ៖ នាវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះកម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ បានបន្តដាក់គោលដៅបម្រាមគោចរនៅផ្លូវជាតិលេខ២ ទល់មុខប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ ទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩។ ក្នុងប្រតិបត្តិការណ៍ខាងលេីនេះមានការដឹកនាំផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ និងលោក ហែម រិទ្ធី មេបញ្ចាការកងរាជអាវុធហត្ថខណ្ឌមានជ័យ ដោយកម្លាំងសមត្ថកិច្ចចម្រុះបានឃាត់អ្នកដំណេីរទាំងម៉ូតូ និងយានយន្តជាច្រេីននាក់ដែលល្មេីសបម្រាបគោចរ យកមកធ្វេីការផាកវិន័យតាមច្បាប់កំណត់។ គួរបញ្ចាក់ថា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានព្រមានថា នឹងធ្វើការផាកវិន័យ ដោយគ្មានការលើកលែងនោះឡើយ ដោយរថយន្តតម្លៃ១លានរៀល និងម៉ូតូ តម្លៃ២០ម៉ឺនរៀល ខណៈមានការរឹងទទឹងខ្លាំងជាងនេះទៀតនឹងអនុវត្តច្បាប់ទៅតាមតុលាការជាធរមាន។ ឯកឧត្ដមបញ្ជាក់ថា ការរឹតបន្តឹងបែបនេះ គឺដើម្បីការពារសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ។
ចំពោះវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងអំឡុងពេលដាក់ចេញវិធានការរដ្ឋបាល ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១ ដល់ម៉ោង៣ភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១៕ ដោយ ៖ ភារ៉ា ដង្កោ